ភ្នំពេញ៖ សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា៖ អង្គការសហប្រជាជាតិបានកំណត់យក ថ្ងៃទី២១ ខែកញ្ញា ជារៀងរាល់ឆ្នាំ ជាថ្ងៃដ៏សំខាន់សម្រាប់ បណ្តាប្រទេសនៅទូទាំងសកលលោកប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ និងបញ្ឈប់ជម្លោះប្រដាប់អាវុធ ព្រមទាំងលើកកម្ពស់គុណតម្លៃសន្តិភាព ក៏ដូចជាការរំលឹកដល់ការខិតខំ ប្រឹងប្រែងនានាក្នុងការរួមចំណែកធ្វើឱ្យសម្រេចបាននូវសន្តិភាពនៅលើសកលលោក។ នៅក្នុងឆ្នាំ២០២៤នេះ ទិវាសន្តិភាពអន្តរជាតិ ប្រព្រឹត្តទៅក្រោមមូលបទ «ការបណ្តុះវប្បធម៌សន្តិភាព ដែលឆ្លុះបញ្ចាំងអំពីសារៈសំខាន់ នៃការបណ្តុះស្មារតី និងវប្បធម៌សន្តិភាព ទៅកាន់សហគមន៍គ្រប់ជំនាន់ តាមរយៈយន្តការ អប់រំផ្លូវការ និង ក្រៅផ្លូវការនានា នៅក្នុងប្រទេសនីមួយៗលើសកលលោក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ក្នុងនាមជាប្រទេសដែលបានឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍ កម្ពុជាទទួលស្គាល់នូវសារៈសំខាន់ ដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់ ប្រទេសនីមួយៗ ក៏ដូចជាសហគមន៍អន្តរជាតិ។ បើគ្មានសន្តិភាពនិងស្ថិរភាពនោះទេ យើងក៏ពុំអាច សម្រេចនូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពបានដែរ។
តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវអំណរសាទរ និង ចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ដ៏មហោឡារិកនេះ ដើម្បីលើក កម្ពស់ការយល់ដឹងពីតម្លៃនៃសន្តិភាពដែលមិនអាចកាត់ថ្លៃបាន និងសូមបញ្ជាក់ឡើងវិញនូវឆន្ទៈដ៏មោះមុត របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការការពារនិងចូលរួមកសាងសន្តិភាព ស្ថិរភាព នៅក្នុងប្រទេស តំបន់ និង សកលលោកឱ្យបានគង់វង្សស្ថិតស្ថេរ ស្របតាមការលើកឡើងរបស់ ឯកឧត្តម អាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិថា «នៅក្នុងពិភពលោកមួយដែលជាប់គាំងដោយជម្លោះ វិសមភាព និងការរើសអើង យើងត្រូវតែខិតខំបន្ថែមទៀតដើម្បីលើកកម្ពស់ការសន្ទនា ការយោគយល់គ្នាទៅវិញទៅមក និងសិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា»។
ជនរួមជាតិជាទីស្នេហា!
ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ បាននាំឱ្យកម្ពុជាសម្រេចបាននូវការអភិវឌ្ឍជឿនលឿនដូចសព្វថ្ងៃនេះ។ នៅក្រោមព្រះរាជ បូជនីយកិច្ចដឹកនាំដ៏ក្លៀវក្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ប្រជាជាតិយើងទទួលបានឯករាជ្យទាំងស្រុងពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
គួរឱ្យសោកស្តាយ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះបានផ្តល់ឱ្យប្រជាជាតិយើងស្គាល់សុខសន្តិភាពត្រឹម រយៈពេលខ្លីប៉ុណ្ណោះ។ អស់រយៈពេលជាងពីរទសវត្សរ៍ យើងបានឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម អំពើប្រល័យ ពូជសាសន៍ សោកនាដកម្ម ការបែកបាក់រងទុក្ខវេទនាខ្លោចផ្សារកទីបំផុតគ្មាន ដែលបានធ្វើឱ្យយើងទាំងអស់ គ្នាយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ជាភ័ព្វសំណាង អតីតកាលដ៏លំបាកវេទនារបស់ប្រជាជាតិយើង ត្រូវបានបញ្ចប់ទាំងស្រុងនៅឆ្នាំ១៩៩៨ បន្ទាប់ពីការអនុវត្តដោយជោគជ័យនូវ «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកវិញ នូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងជូន ប្រជាជាតិយើង។
ក្នុងរយៈពេលជាងពីរទសវត្សរ៍ ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន លើគ្រប់វិស័យ ជាពិសេសការសម្រេច និងរក្សាបាននូវចីរភាពនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយវិបុលភាពសម្រាប់ប្រជាជនទូទាំងប្រទេស។ ជាតថភាព កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ នៅមុនដំណាក់កាលនៃវិបត្តិជំងឺកូវីដ១៩ និងបានប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥ និងកំពុងត្រៀមចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងបាននិងកំពុងបោះជំហាន់ឆ្ពោះទៅមុខ ដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ កម្ពុជាដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមរាំងជល់ និងពឹងផ្អែកលើជំនួយបរទេស បច្ចុប្បន្នកម្ពុជាអាចឈរបានដោយខ្លួនឯង និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ព្រមទាំងពង្រីកមហិច្ឆតា លើកស្ទួយមោទនភាពជាតិឱ្យខ្ពស់រុងរឿងដូចពីអតីតកាល។ ក្នុងបុព្វហេតុនេះ កាលពីថ្ងៃទី៥ ខែសីហា កន្លង ទៅ កម្ពុជាបានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដោយមានការឯកភាពជាតិពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេសប្រកបដោយមោទនភាព ដែលគម្រោងជាប្រវត្តិសាស្ត្រនេះ នឹងផ្តល់ផលប្រយោជន៍ ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសលើវិស័យដឹកជញ្ជូន ការវិនិយោគ បង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណប ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និង ទេសចរណ៍ជាដើម ដើម្បីបន្សល់ទុកជាសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់កូនចៅខ្មែរគ្រប់ជំនាន់។
ទន្ទឹមនេះ ដើម្បីធានានូវសុខសន្តិភាព រាជរដ្ឋាភិបាលបានបន្តគិតគូរយ៉ាងម៉ត់ចត់អំពីសុខមាលភាព របស់ប្រជាជន ក្នុងនោះ របបសន្តិសុខសង្គមត្រូវបានបម្រើកាន់តែទូលំទូលាយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការធានាបាននូវសង្គតិភាព សមធម៌និងសាមគ្គីធម៌សង្គម និងដើម្បីលើកកម្ពស់សុខុមាលភាពនិងជីវភាព របស់ប្រជាពលរដ្ឋ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងអស្ថិរភាពសង្គម។
បន្ថែមពីនេះ ក្នុងបុព្វហេតុទប់ស្កាត់ជម្លោះប្រដាប់អាវុធនិងសង្គ្រាមនៅក្នុងពិភពលោក កម្ពុជាបាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក ក្រោមឆត្ររបស់ អង្គការសហប្រជាជាតិ។ ចាប់ពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ននេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព សរុបចំនួន ៩.៨១៩នាក់ ក្នុងនោះ ស្ត្រី ៨៥៦នាក់ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហ- ប្រជាជាតិក្នុងប្រទេសចំនួន ១០ រួមមាន ប្រទេសឆាដ, ស៊ូដង់, ស៊ូដង់ខាងត្បូង, អាហ្វ្រិកកណ្តាល, លីបង់, ស៊ីប, ស៊ីរី, ម៉ាលី, យេម៉ែន និងកុងហ្គោ។ បច្ចុប្បន្ននេះ កងកម្លាំងរក្សាសន្តិភារបស់កម្ពុជាសរុប ចំនួន ៦២៧ នាក់ (ក្នុងនោះស្ត្រី ១៣១នាក់) កំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រទេសស៊ូដង់, ស៊ូដង់ខាងត្បូង,លីបង់, អាហ្វ្រិកកណ្តាល, យេម៉ែន និងកុងហ្គោ។ នេះ គឺជាមោទនភាពដ៏ធំធេងបំផុតសម្រាប់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។
ជនរួមជាតិជាទីស្នេហា!
រាជរដ្ឋាភិបាលនៅគ្រប់នីតិកាលទាំងអស់ បានយកចិត្តទុកយ៉ាងខ្ជាប់ខ្ជួនក្នុងការលើកកម្ពស់វប្បធម៌ សន្តិភាព ដោយទទួលស្គាល់ថាសង្គមមាន សន្តិភាព ស្ថិរភាព និងសុខដុមរមនា គឺជាមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា បើគ្មានសន្តិភាពទេ នោះគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ការលុបបំបាត់ភាពក្រីក្រ ការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ការផ្តល់ការអប់រំប្រកបដោយគុណភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក៏ពុំអាចសម្រេចបានដែរ។
ទន្ទឹមនេះ ដើម្បីបណ្តុះវប្បធម៌សន្តិភាព រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដាក់ចេញនូវគោលនយោបាយ និងយន្តការនានាដើម្បីទទួលយក និងដោះស្រាយរាល់សំណូមពរនានាពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលនៅ ក្នុងនោះរាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តយ៉ាងសកម្មឱ្យមានការចូលរួមពីគ្រប់គណបក្សនយោបាយទាំងអស់ នៅក្នុងដំណើរការរបស់រាជរដ្ឋាភិបាលដើម្បីធានាថាសំឡេងប្រជាពលរដ្ឋពីគ្រប់ទីកន្លែងត្រូវបានគិតគូរ និង ឆ្លើយតបដោយមិនប្រកាន់បែងចែកនិន្នាការនយោបាយឡើយ។
ខ្ញុំព្រះករុណា ខ្ញុំ សូមអំពាវនាប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន ចូលរួមជាមួយរាជរដ្ឋាភិបាលធ្វើការ ប្រឆាំងដាច់ខាតចំពោះចេតនាបង្កភាពចលាចលក្នុងសង្គមតាមរយៈការប្រឌិតព័ត៌មានមិនពិត ការភូតភរ ក្លែងបន្លំ និងការញុះញង់បងប្អូនប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពដែលបង្កអសន្តិសុខ បំផ្លាញសន្តិភាព និងស្ថិរភាព សង្គមដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបណ្តុះវប្បធម៌សន្តិភាព និងការរក្សាបានចីរភាពនៃការអភិវឌ្ឍ សង្គមជាតិយើង។ ផ្ទុយពីរាជរដ្ឋាភិបាល ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានប្រឌិតព័ត៌មានមិនពិតគ្មាន មូលដ្ឋានពិតប្រាកដ ញុះញង់បងប្អូនប្រជាពលរដ្ឋយើង ឱ្យធ្វើសកម្មភាពដែលបង្កអសន្តិសុខ បំផ្លាញសន្តិភាព ធ្វើឱ្យប៉ះពាល់ដល់ការបណ្តុះវប្បធម៌សន្តិភាព និងសន្តិសុខរបស់ប្រទេស។
ជនរួមជាតិជាទីស្នេហា!
សន្តិភាពងាយណាស់ក្នុងការបាត់បង់ តែពិបាកក្នុងការស្វែងរកមកវិញ ហើយបើរកមកបានវិញ ក៏ត្រូវការ ពេលវេលា និងការលះបង់ជាច្រើនផង។ ហេតុនេះហើយ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សូមបញ្ជាក់សាជាថ្មីឡើងវិញ នូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សា «សន្តិភាព» និង ការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ។
ខ្ញុំព្រះករុណា ខ្ញុំ មានជំនឿយ៉ាងមុតមាំថា ពិធីអបអរសាទរ «ទិវាសន្តិភាពអន្តរជាតិ» ឆ្នាំនេះនឹង បង្ហាញឱ្យឃើញកាន់តែច្បាស់អំពីឆន្ទៈនិងការប្តេជ្ញាចិត្តកាន់តែក្លៀវក្លារបស់រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋ កម្ពុជាទាំងអស់ក្នុងការខិតខំការពារសន្តិភាព ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការសន្ទនា ការដោះស្រាយជម្លោះដោយសន្តិវិធី និងការយោគយល់គ្នាទៅវិញទៅមក សំដៅកសាងពិភពលោកមួយ ប្រកបដោយសន្តិសហវិជ្ជមាន ភាពធន់ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
ជាកិច្ចបញ្ចប់ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្វាយព្រះពរ និងប្រសិទ្ធពរជូនដល់ជនរួមជាតិជាទីស្នេហា សូម ចៀសផុតពីជំងឺឆ្លងនានា និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ៕
ដោយ៖ តារា