ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ JICA ប្រទេសជប៉ុន ចំនួន ១០រូប (ស្រី ៣រូប) និងអាហារូបករណ៍សាធារណរដ្ឋបារាំងចំនួន ១ រូប ដើម្បីចូលជួបសម្តែងការគួរសម និងទទួលយកនូវអនុសាសន៍ណែនាំមុនពេលចេញទៅសិក្សានៅក្រៅ ប្រទេស នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។
នៅក្នុងជំនួបសំណេះសំណាលនេះ ឧបនាយករដ្ឋមន្ត្រី បានផ្តល់វេទិកាដល់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចែករំលែកជាមួយនិស្សិតអាហារូបករណ៍ នូវបទពិសោធមួយចំនួនដែលក្នុងនាមជារាមច្បង បានឆ្លងកាត់ ដើម្បីជាមូលដ្ឋានដល់និស្សិតជ័យលាភីទាំងអស់ ត្រៀមសម្រាប់ការសិក្សារបស់ខ្លួននាពេលដ៏ខ្លីខាងមុខ។ ទន្ទឹមនេះ ឧបនាយករដ្ឋមន្ត្រីផ្ទាល់ក៏បានលើកឡើងនូវចំណុច០៣ សំខាន់ ជូនដល់ក្រុមនិស្សិត ផ្ដើមពីការកោតសរសើរ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែង និងឆ្លងកាត់ឧបសគ្គនានា មុននឹងឈានដល់ការទទួលបានឱកាសអាហារូបករណ៍នេះ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានការត្រៀមខ្លួនជាស្រេច ទៅលើសិក្សាស្រាវជ្រាវពីមូលដ្ឋាន ឬតំបន់ដែលត្រូវទៅសិក្សានិងរស់នៅ ជាពិសេសការស្វែង យល់ពីរបៀបរបបរស់នៅ និងប្រពៃណីរបស់ប្រទេស
នីមួយៗ ព្រមទាំងដឹងពីកន្លែងដែលគួរឬមិនគួរទៅ។ ចំណុចចុងក្រោយ គឺការណែនាំឱ្យនិស្សិតគ្រប់ៗរូបស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅពីដំណើរប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលបានឆ្លងកាត់ និងវិធីសាស្ត្រនៃការដឹក នាំប្រទេស ដើម្បីនាំមកនូវសុខសន្តិភាពដូចបច្ចុប្បន្ន និងឆ្ពោះទៅមុខ។ ចំណុចដែលឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់នោះ គឺការបណ្ដុះទម្លាប់ក្នុងការគិតគូរឱ្យតម្លៃ និងមានមោទនភាពចំពោះសង្គមជាតិរបស់ខ្លួនឯងឱ្យបានកាន់តែច្រើនបន្ថែម។
ចុងបញ្ចប់នៃជំនួបនេះលោកឧបនាយករដ្ឋមន្ត្រីជូនពរដល់និស្សិតជ័យលាភីទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងជួបតែសុខសុវត្ថិភាពក្នុងការធ្វើដំណើរ៕
ដោយ៖ សូរិយា