ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទើបតែអាយុ១២ឆ្នាំហ៊ានចូលផ្ទះគេ កាត់យកម៉ាសុីនត្រជាក់ ដែកនិងខ្សែភ្លើង

ចែករំលែក៖

   ភ្នំពេញ ៖ ក្មេងប្រុសអាយុ១២ម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់បានបន្ទាប់ពីធ្វើសកម្មភាពលួចចូលទៅក្នុងផ្ទះគេកាត់យកខ្សែភ្លើង ខ្សែម៉ាស៊ីនត្រជាក់ ដែកនិង ឧបករណ៍ផ្សេងៗដែលអាចលក់បាន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យដែលជាក្មេងប្រុសនោះមានអាយុទើបតែ 12 ឆ្នាំប៉ុណ្ណោះ រូបគេបានបញ្ជាក់ថា មូលហេតុដែលគេសម្រេចចិត្តឈានដល់ថ្នាក់ចូលក្នុងផ្ទះប្រជាពលរដ្ឋដើម្បីលួចសម្ភារៈមានតម្លៃបែបនេះគឺដើម្បីយកទៅលក់យកលុយទៅព្យាបាលម្ដាយដែលកំពុងតែឆ្លងទន្លេ ប្អូនប្រុសរបស់គេ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថាក្មេងប្រុសនេះបានលួចសម្ភារៈក្នុងផ្ទះបងប្អូនប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនេះអស់សម្ភារៈច្រើនមកហើយនាពេលកន្លងមក ដូចជាម៉ាស៊ីនត្រជាក់ចំនួន 3 គ្រឿង ដែក និងខ្សែភ្លើងផ្សេងៗ ត្រូវបានក្មេងនេះលួចទៅអស់ជាច្រើនហើយ រហូតប្រជាពលរដ្ឋមានការដេកយាមដើម្បីចាប់ជនសង្ស័យដែលចូលមកផ្ទះរបស់ពួកគាត់ដើម្បីលួចយកទ្រព្យសម្បត្តិនោះ រហូតយប់ថ្ងៃកើតហេតុក្មេងប្រុសនេះក៏បានទៅចូលក្នុងផ្ទះប្រជាពលរដ្ឋដែលកំពុងដេកយាមនោះ ដើម្បីលួចសម្ភារៈដែលអាចលក់បាន។ ពេលដែលចូលទៅលួចមិនទាន់លួចបានសម្រេចផង ក៏ត្រូវបានប្រជាពលរដ្ឋដែលពួកគាត់ដេកយាមនោះធ្វើការឃាត់ខ្លួនបានភ្លាមៗប្រគល់ឱ្យកម្លាំងសមត្ថកិច្ចតែម្ដង។

ក្រោយពេលកើតហេតុជនសង្ស័យដែលជាក្មេងអាយុ១២ ឆ្នាំរូបនេះត្រូវបានប្រជាពលរដ្ឋប្រគល់ឱ្យកម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលអូរបែកក្អមយកទៅធ្វើការសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖