ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បែកក្បាលធ្លាយខួរស្លាប់យ៉ាងរន្ធត់ បន្ទាប់ពីត្រូវរថយន្ដដឹកប្រេងឥន្ធនៈ បេីកកៀរទាក់ដៃចង្កូតជាមួយម៉ូតូឱ្យដួលនិងកិនពីលេី

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿងបានបេីកកៀរម៉ូតូហុងដាឌ្រីមដែលជិះដោយយុវជនម្នាក់ធ្វើឱ្យទាក់ដៃចង្កូតដួលចូលក្រោមកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមមួយរំពេច បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ទល់មុខវត្តស្ទឹងមានជ័យ ផ្លូវ២១៧ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ចក់ ឆែម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកសាច់ជ្រូក ស្នាក់នៅបន្ទប់ជួលក្នុងភូមិសំបួរ​ សង្កាត់ដង្កោ ខណ្ឌដង្កោ និងមាន ស្រុកកំណើតនៅភូមិចំការមន ស្រុកឈូក ខេត្តកំពត ។ 

យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃើញយុវជនម្នាក់បានជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ៊រីឆ្នាំ ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1G -4749 ដឹកសាច់ជ្រូកលេីម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ទៀតបានបេីករថយន្ត ប្រភេទដឹកប្រេងឥន្ធនៈម៉ាកCHENGLONG ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3G -1017 ធ្វើដំណើរស្របទិសគ្នាជាមួយម៉ូតូ ហើយបានទាក់ដៃចង្កូតជាមួយនឹងម៉ូតូបណ្តាលឲ្យម៉ូតូដួលខ្ទាតមនុស្សចូលក្រោមកង់រថយន្ត កិនធ្លាយខួរស្លាប់មួយរំពេចយ៉ាងរន្ធត់ ។ រីឯភាគីខាងរថយន្តបង្កវិញ ភា្លមៗនោះក៏ព្យាយាមបេីករថយន្តរត់រហូតដល់ជិតវិទ្យាល័យ ជា ជាស៊ីម សាមគ្គី ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក៏សមត្ថកិច្ចឃាត់រថយន្ដ និងអ្នកបេីកបរបានប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍ចាត់ការបន្ត។ 

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វេីការវាស់វែងយកមធ្យោបាយទាំងអស់ វត្ថុតាងរួមទាំងអ្នកបេីកបរទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដេីម្បីចាត់ការតាមនិតិវិធី។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើលិខិតប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖