សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា ទីក្រុងមូស្គូមើលឃើញថា គំនិតនៃ «ការរំសាយអាវុធនុយក្លេអ៊ែរ» កូរ៉េខាងជើង គឺជាបញ្ហាដែលមិនមានអ្វីត្រូវនិយាយវែងឆ្ងាយតទៀតឡើយ ដ្បិត
រុស្ស៉ីយល់ច្បាស់ពីមូលហេតុដែលទីក្រុងព្យុងយ៉ាងពឹងផ្អែកលើអាវុធនុយក្លេអ៊ែរ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះនៃការការពារខ្លួន។
លោក Lavrov បាននិយាយថា ការពង្រឹងសម្ព័ន្ធភាពយោធារបស់សហរដ្ឋអាមេរិក ជាមួយប្រទេសកូរ៉េខាងត្បូងនិងជប៉ុន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក គឺជាការគំរាមកំហែងពិតប្រាកដ និងធ្ងន់ធ្ងរយ៉ាងខ្លាំងមួយ ចំពោះសន្តិសុខនៅក្នុងតំបន់។ ហេតុដូច្នេះ ចំពោះមុខស្ថានភាពបែបនេះ ពាក្យថា «រំសាយអាវុធនុយក្លេអ៊ែរ» សម្រាប់កូរ៉េខាងជើង គឺវាបានបាត់បង់អត្ថន័យទាំងអស់ ហើយបើសម្រាប់ទីក្រុងមូស្គូវិញ រឿងនេះគឺជាបញ្ហាដែលហាក់ពុំមានអ្វីត្រូវនិយាយទៀតនោះទេ។
គួរបញ្ជាក់ថា រុស្ស៉ីបានកសាងទំនាក់ទំនងយោធា និងការទូតយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងជើង គិតចាប់តាំងពីសង្រ្គាមឈ្លានពាននៅអ៊ុយក្រែនបានផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏ធ្លាប់បានបំពេញទស្សនកិច្ចទៅវិញទៅមកផងដែរ។
កូរ៉េខាងជើងធ្លាប់បាននិយាយថា ខ្លួននឹងមិនបោះបង់ចោលដាច់ខាត នូវការពឹងផ្អែកលើអាវុធនុយក្លេអ៊ែរ ដើម្បីធានាសន្តិសុខរបស់ខ្លួន ប្រឆាំងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។ អាមេរិកមានកងទ័ពប្រមាណ ២៤,០០០នាក់ កំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង ហើយប្រទេសទាំងពីរ បានធ្វើសមយុទ្ធយោធារួមគ្នាជាប្រចាំ។ ក្នុងខែនេះ កូរ៉េខាងជើងបានធ្វើតេស្តមីស៉ីលបាលិស្ទីគតាក់ទិកថ្មី ស្របពេលដែលលោក គីម បានបង្គាប់ឱ្យពង្រឹងសមត្ថភាពអាវុធធម្មតា និងអាវុធនុយក្លេអ៊ែរ ឱ្យកាន់តែខ្លាំង៕ ដោយ៖ ធីរីណា
រូបថត៖ Reuters