ក្លិបបាល់ទាត់ Manchester City របស់ អង់គ្លេសបានយកឈ្នះលើក្រុម Steaua Bucharest របស់ប្រទេសរូម៉ានីដោយលទ្ធ ផល ៥-០ នៅក្នុងកម្មវិធី Champions League វគ្គជម្រុះជើងទី១។
ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Sergio Aguero បានស៊ុតបាល់បញ្ចូលទីចំនួន៣គ្រាប់តែម្នាក់ឯង ប៉ុន្តែរូបគេក៏ធ្វើឲ្យបាត់ ឱកាសមិនអាចស៊ុតបាល់ពិន័យ១១ម៉ែត្រចូលទីបានចំនួន២គ្រាប់ផងដែរ។ កីឡាករ អេស្ប៉ាញ David Silvaគឺជាអ្នកស៊ុតបាល់បញ្ចូលទីដំបូងនៅនាទីទី១៣ ។ ចំណែក ខ្សែប្រយុទ្ធចំណូលថ្មី Nolito ក៏អាចរកបាន មួយគ្រាប់ផងដែរ ។
លោក Pep Guardiola គ្រូបង្វឹករបស់ ក្រុម Manchester City បានថ្លែងប្រាប់ សារព័ត៌មាន BT Sport ថា “ខ្ញុំពិតជាពេញចិត្តនឹងការលេងរបស់កូនក្រុមនៅថ្ងៃនេះ។ ពិសេសគឺលទ្ធផលដ៏អស្ចារ្យ ខ្ញុំសូម សរសើរដល់ពួកគេយ៉ាងខ្លាំង”។
នៅពេលជាមួយគ្នានោះលោក Guardiola ក៏បានឆ្លៀតឱកាសសរសើរដល់កីឡាករ Raheem Sterling ដោយបញ្ជាក់ថា ក្លិប Manchester City ពិតជាឆ្លាតវៃដែលបានទិញខ្សែបម្រើអន្តរជាតិអង់គ្លេសនេះ។ គាត់បាននិយាយប្រាប់អ្នកសារព័ត៌មានថា “Sterling គឺជាកីឡាករល្អបំផុតដោយមាន គុណភាពច្រើនដូចជាមានល្បឿនលឿន និងខិតខំហ្វឹកហាត់យ៉ាងខ្លាំង”។
ចំណែកការប្រកួតនៅជើងទី២នឹងធ្វើឡើងនៅក្នុងប្រទេសអង់គ្លេសវិញនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ហើយក្រុមណាឈ្នះនឹងអាចទៅលេងនៅក្នុងវគ្គជម្រុះតាមពូល ៕