ខេត្តបន្ទាយមានជ័យ៖ រយៈពេល១ថ្ងៃ សពពលករខ្មែរចំនួន៣នាក់ ដែលធ្វើការងារជាកម្មករនៅក្នុងប្រទេសថៃ រងគ្រោះដោយរន្ទះបាញ់ និងឆក់ខ្សែភ្លើងស្លាប់ ក្នុងហេតុការណ៍ពីរករណីផ្សេងគ្នាត្រូវបានអាជ្ញាធរថៃដឹកបញ្ជូយកមកប្រគល់ឱ្យអាជ្ញាធរកម្ពុជា និងក្រុមក្រួសារតាមច្រកតំបន់ម៉ាឡៃ និងច្រកអន្តរជាត់ប៉ោយប៉ែត កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ។
បើយោងតាមប្រភពព័ត៌មានពីអង្គភាពទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំក្រុងប៉ោយប៉ែតប្រាប់ឱ្យដឹងថា សពពលករខ្មែរ២នាក់ ស្លាប់ដោយរន្ទះបាញ់នៅក្នុងស្រុកអារញ្ញ ខេត្តស្រះកែវជនរងគ្រោះកំពុងធ្វើការស៊ីឈ្នួលដកស្មៅឡូងឱ្យថៅកែជនជាតិថៃខណៈមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះត្រូវរន្ទះបាញ់ស្លាប់ទាំង២នាក់ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ហើយសាកសពត្រូវបានអាជ្ញាធរថៃដឹកតាមរថយន្តយកមកប្រគល់ឱ្យអាជ្ញាធរកម្ពុជា នៅច្រកតំបន់ម៉ាឡៃ កាលពីវេលាម៉ោង១១យប់ថ្ងៃដដែល។សាកសពក្រោយពីអាជ្ញាធរកម្ពុជា ធ្វើការត្រួតពិនិត្យរួចហើយ ក៏ទំនាក់ទំនងក្រុមគ្រួសារដើម្បីយកសពទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ សពមានឈ្មោះ1/ អេងដេត ភេទប្រុស អាយុ 25 ឆ្នាំ 2/ឈ្មោះ អង ណា ភេទប្រុស អាយុ20 ឆ្នាំជនរងគ្រោះទាំងពីរនាក់ មានទីលំនៅភូមិស្វាយព្រៃ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។
ដោយឡែក នៅថ្ងៃដដែលនោះដែរ សពពលខ្មែរម្នាក់ទៀត ជាកម្មករសំណង់ស្លាប់ដោយឆក់ខ្សែភ្លើង ខណៈកំពុងបំពេញកិច្ចការងារនៅក្នុងការដ្ឋានមួយក្នុងទីក្រុងបាងកកប្រទេសថៃកាពីថ្ងៃទី១២ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ។សាសព នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៦ សីហា ឆ្នាំ២០១៦ ត្រូវបានស្ថានអគ្គកុងស៊ុលលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ បានដឹកបញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រគល់ឱ្យអាជ្ញាធរកម្ពុជា ដើម្បីទំនាក់ទំនងក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ សពជនរងគ្រោះមានឈ្មោះផាន់ សួន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិសំបួរឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
សូមរំលឹកថា ពាក់ព័ន្ធនឹងពលករខ្មែរធ្វើការងារនៅក្នុងប្រទេសថៃ កន្លងមក មានសេចក្តីរាយការណ៍ឱ្យដឹងថា មានពលករខ្មែរជាច្រើននាក់បានរងគ្រោះស្លាប់ជួបនូវឧបទ្ទវហេតុផ្សេងគ្នាៗក្នុងពេលបំពេញកិច្ចការងារ ការស្លាប់របស់ពលករខ្មែរធ្វើនៅពេលការងារក្នុងប្រទេសថៃនោះ គេមិនបានដឹងថា ថៅកែ ឬក្រុមហ៊ុននៅក្នុងប្រទេសថៃជួយឧបត្ថម្ភជាថវិកាតាមគោលការណ៍ច្បាប់ដល់ក្រុមគ្រួសារសពសមស្របយ៉ាងណានោះទេ។បញ្ហានេះអ្នកយព័ត៌មានយើងបានសាកសួរទៅលោក នេត សំអាត ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំក្រុងប៉ោយប៉ែតឱ្យជួយបំភ្លឺផងដែរ ប៉ុន្តែលោកឆ្លើយថាបញ្ហានេះខាងលោកមិនបានដឹងនោះទេ ដោយបង្វែទៅសាកសួរអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ នោះវិញទើបដឹង ។
អ្នកយកព័ត៌មានព្យាយាមស្វែងរកការបំភ្លឺពីអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ លោក ប៊ុនសុខវិបុល ទូរស័ព្ទរបស់លោក មិនអាចទំនាក់ទំនងបានទេនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ៕ សំ វិច្ឆិកា