ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ដ្រី ឌិត ទីណា៖​ ការចុះ MoU ជាមួយក្រុមហ៊ុនបៃតងកម្ពុជា គឺជាការងារដ៏សំខាន់ ក្នុងការជួយរក្សាស្ថេរភាពថ្លៃវិស័យស្រូវអង្ករនាប៉ែកពាយ័ព្យ ដែលជាបរិបទថ្មី ជួយកាត់បន្ថយចំណាយ ដើម្បីបង្កើនផលចំនេញ ទាំងកសិករ និងអ្នកប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលេីអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងដៃគូ​ នាព្រឹកថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០២៤​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។ 

 ក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រដៃគូអង្គការជាតិ អន្តរជាតិ និងវិស័យឯកជនក្នុងការរួមឆន្ទៈ រួមធនធាន រុញវិស័យកសិកម្មកម្ពុជា និងអនុវត្តកិច្ចការអភិរក្សធនធានធម្មជាតិ ប្រកបដោយភាពជោគជ័យជាបន្តបន្ទាប់។ ក្នុងឱកាសនៃពិធីនេះ​ លោករដ្ឋមន្ត្រី បានអញ្ជើញជាសាក្ខីក្នុងពិធីចុះហត្ថលេខាលេីអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយដៃគូចំនួន២ គឺក្រុមហ៊ុនបៃតងកម្ពុជា (CG) និងមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF)។

 បើតាម លោករដ្ឋមន្ត្រី ការចុះ MoU ជាមួយក្រុមហ៊ុនបៃតងកម្ពុជា គឺជាការងារដ៏សំខាន់ ក្នុងការជួយរក្សាស្ថេរភាពថ្លៃវិស័យស្រូវអង្ករនាប៉ែកពាយ័ព្យ ដែលជាបរិបទថ្មី ជួយកាត់បន្ថយចំណាយ ដើម្បីបង្កើនផលចំនេញ ទាំងកសិករ និងអ្នកប្រើប្រាស់។ 

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលប្រើប្រាស់ពូជ និងបច្ចេកទេសច្បាស់លាស់ មានទុនក្នុងការវិនិយោគ មានទីផ្សារពិតប្រាកដ និងជំរុញពូជសែនក្រអូប ដែលជាពូជស្រូវកម្ពុជាឱ្យកាន់តែមានសក្តានុពលក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ពាក់ព័ន្ធនឹងការងារអភិរក្សធនធានធម្មជាតិ លោករដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយនូវការកើនឡើងជាលំដាប់នៃចំនួនសត្វផ្សោត ដែលជារតនសម្បត្តិរបស់កម្ពុជា ដោយក្នុងឆ្នាំ២០២៣ និង២០២៤ នេះក្រសួងបានសហការជាមួយដៃគូ (WWF) និងដៃគូនានា ក្នុងអភិរក្សត្វផ្សោត តាមរយៈការល្បាត និងការបង្ក្រាបបទល្មើស ប្រកបដោយប្រសិទ្ធភាព ដែលជាជោគជ័យដ៏ធំសម្រាប់ក្រសួងកសិកម្ម។ លើសពីនេះ លោករដ្ឋមន្ត្រី បានកោតសរសើរនូវការខិតខំប្រឹងប្រែងរួមគ្នា រវាងអង្គការដៃគូ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅផ្ទាល់ទីនោះ ដើម្បីបង្កើនការយល់ដឹងពីការថែរក្សាការពារធនធានធម្មជាតិ។

ក្នុងការងារនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកសិកម្មត្រូវការដៃគូ ដែលមានគោលដៅរួមច្បាស់លាស់ មានបច្ចេកទេសពិតប្រាកដ និងមានឆន្ទៈរួមគ្នា ដើម្បីសម្រេចនូវលទ្ធផលល្អ។​ ឆ្លៀតក្នុងឱកាសនេះដែរ​ លោករដ្ឋមន្ត្រី​ លេីកទឹកចិត្តក្នុងការអនុវត្ត MoU ឱ្យមានភាពបុរេសកម្ម​ មានលទ្ធផលជាក់ស្តែង​ ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា​ និងមានភាពជោគជ័យរួមគ្នា៕

ដោយ​៖ តារា​


ចែករំលែក៖