ព័ត៌មានទាន់ហេតុការណ៍៖

ដំណើរនៃការឈានទៅបញ្ឈប់អំពើហិង្សាលើកុមារក្នុង ជុំវិញ និងគ្រប់ទីកន្លែងក្នុងរដ្ឋហត្ថលេខីលើកិច្ចព្រមព្រៀងផ្តល់សុវត្ថិភាពសិក្សា Safe to Learn Call to Action

ចែករំលែក៖

ប្រទេសកូឡុំប៊ី ៖ លោកស្រីបណ្ឌិត សឿ សុជាតាត្រូវបានចាត់តាំងទៅចូលរួមក្នុងនាមតំណាង ក្រសួងអប់រំ យុវជន និងកីឡា ទៅចូលរួមសន្និសីទពិភពលោកលើកទី១ ថ្នាក់រដ្ឋមន្រ្តីស្តីពីការបញ្ឈប់អំពើហិង្សា រយៈពេល៣ថ្ងៃ នៅទីក្រុងបូកូតា ប្រទេសកូឡំប៊ី ដែលមានតំណាងប្រទេសចូលរួមចំនួន ១១២ ប្រទេស ក្នុងនោះរដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធចំនួន ៧៥ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ 

ឆ្លើយតបទៅនឹងគោលបំណងនៃអង្គសន្និសីទពិភពលោក លោកជំទាវ ញេបសុភាព រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសឆន្ទៈនិងការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា លើ៧ចំណុច រួមមាន ទី១. ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ច្បាប់ជាតិ គោលនយោបាយ ផែនការ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខុមាលភាព និងកិច្ចការពារកុមារ ដូចជាគោលនយោបាយជាតិគាំពារសង្គម, គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ជាដើម, ព្រមទាំងជំរុញការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ និងផែនការជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៤-២០២៨ ទី២. ពង្រឹង និងពង្រីកការអនុវត្តកម្មវិធីកិច្ចការពារកុមារនៅកម្ពុជា (Cambodia PROTECT) ដូចជា ការចិញ្ចឹមកូនបែបវិជ្ជមាន, ការដាក់ពិន័យបែបវិជ្ជានៅតាមសាលារៀន, កិច្ចការពារកុមារនៅតាមវត្តអារ៉ាម, និងកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ ជាដើមដើម្បីធានាថា កុមារត្រូវបានការពារ និងរស់នៅក្នុងបរិយាកាសមួយប្រកបដោយសុវត្ថិភាព។ ទី៣. ពង្រឹងប្រព័ន្ធប្រមូលទិន្នន័យនិងគ្រប់គ្រងកិច្ចការពារកុមារ ការវិភាគទិន្នន័យ និងការប្រើប្រាស់ទិន្នន័យសម្រាប់រៀបចំត្រួតពិនិត្យតាមដាន និងវាយតម្លៃ គោលនយោបាយ ផែនការ និងកម្មវិធីជាតិ រួមទាំងអនុសញ្ញាស្តីពីសិទ្ធិកុមារ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG)។ ទី៤. ពង្រឹងសមត្ថភាពកម្លាំងសេវាសង្គម សម្រាប់ផ្តល់សេវាកិច្ចការពារកុមារ ជាអាទិ៍ កុមាររងគ្រោះដោយអំពើហិង្សា កុមារមានពិការភាព និងកុមារក្នុងស្ថានភាពរស់នៅ និងស្ថានភាពយេនឌ័រខុសៗគ្នា កុមារទំនាស់នឹងច្បាប់ ការមិនអើពើ ការរំលោភបំពាន ការជួញដូរ និងការគំរាមកំហែងគ្រប់រូបភាព ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព  ពីថ្នាក់សហគមន៍មូលដ្ឋាន ដល់ថ្នាក់ជាតិ រួមទាំងយន្តការ វិធានការ ព្រមទាំងពង្រីកហេដ្ឋារចនាសម្ព័ន្ធបែបកុមារមេត្រី ដែលឆ្លើយតបទៅនឹងតម្រូវការតាមស្ថានភាពនៃកុមារ ។ទី៥. លើកកម្ពស់ និងពង្រឹងកិច្ចសហប្រត្តិបត្តិការពីគ្រប់ភាគីដែលពាក់ព័ន្ធក្នុងរាជរដ្ឋាភិបាល ដោយប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីលើកកម្ពស់សុខមាលភាពកុមារ និងកិច្ចការពារកុមារ ជាពិសេស ពង្រឹងយន្តការសម្របសម្រួល ដើម្បីចាត់វិធានការទាន់ពេលវេលា និងតឹងរ៉ឹងដាច់ខាតចំពោះសកម្មភាពហិង្សាគ្រប់ទម្រង់លើកុមារ។ ទី៦. បង្កើនថវិកាជាតិសម្រាប់កុមារក្នុងក្របខណ្ឌគាំពារសង្គម និងសេវាសង្គម ព្រមទាំង ការកៀរគរធនធានទាំងហិរញ្ញវត្ថុពីដៃគូ និងវិស័យឯកជន ដើម្បីគាំទ្រនិងធានាចីរភាពនៃចលនាបញ្ចប់អំពើហិង្សាលើកុមារ ។ ទី៧. លើកកម្ពស់ការចូលរួមក្នុងការធ្វើឲ្យមានការផ្លាស់ប្តូរការគិត និងឥរិយាបទសង្គម ពីគ្រប់ភាគីពាក់ព័ន្ធ ដូចជា រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន សាសនា  គ្រួសារ សហគមន៍ ជាពិសេសកុមារ និងយុវជន ដើម្បីកសាងគ្រួសារ និងសង្គមមួយដែលមានសុវត្ថិភាព និងគ្មានអំពើហិង្សាលើកុមារ។

បញ្ជាក់បន្ថែមលើការប្តេជ្ញាចូលរួមបញ្ឈប់អំពើហិង្សាលើកុមារ លោកជំទាវបណ្ឌិត សឿ សុជាតា បានចូលរួមធ្វើបទបង្ហាញស្តីពីសកម្មភាពនិងលទ្ធផលនៃការងារលើកកម្ពស់គុណភាពវិស័យអប់រំនិងបញ្ឈប់អំពើហិង្សាតាមរយៈកំណែទម្រង់វិស័យអប់រំ ដែលមានគោលនយោបាយជាតិស្តីពីសុខភាពសិក្សា គោលនយោបាយស្តីពីកិច្ចការពារកុមារ ដែលតម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធអនុវត្តប្រកបដោយប្រសិទ្ធភាពនិងទទួលខុសត្រូវគោលការណ៍សាលារៀនមួយ ជាតំបន់សុវត្ថិភាពនិងសុខដុមមួយ។ លោកស្រីបណ្ឌិតក៏បានបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការពង្រឹងបន្ថែមការអនុវត្តគោលការណ៍បញ្ឈប់ទណ្ឌកម្មគ្រប់ទម្រង់ក្នុងសាលារៀន តាមរយៈយន្តការអប់រំកូនបែបវិជ្ជមាន និងវិន័យបែបវិជ្ជមាន៕ 

ដោយ ៖ សិលា


ចែករំលែក៖