ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមានការសិក្សា បន្ថែមពីគម្រោងស្ថាបនាផ្លូវឆ្នេរប្របមាត់សមុទ្រពីខេត្តកែប រហូតដល់ខេត្តកោះកុង ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិតីក្នុងពិធីសម្ពោធនិងប្រសិទ្ធិនាមវិថីតេជោសន្តិភាពអង្កោល នៅខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វិថីតេជោសន្តិភាពអង្កោលមិនមែនសម្រាប់តែអ្នកខេត្តកែបនោះទេ គឺសម្រាប់ប្រជាជនទូទាំងប្រទេស ភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងអ្នកក្រៅខេត្តអាចធ្វើដំណើរទស្សនាកម្សាន្ត។ ជាសរសៃឈាមក្នុងការភ្ជាប់ដើម្បីឱ្យភ្ញៀវទេសចរនិងប្រជាពលរដ្ឋ អាចទៅដល់ភូមិ និងសហគមន៍នានា ដូចជាសហគមន៍ផលិតអំបិល សហគមន៍នេសាទ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ៖ « តាមផែនការណ៍របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺគ្រោងរៀបចំផ្លូវជិះកង់ ផ្លូវរត់នេះ យើងតភ្ជាប់ថ្ងៃក្រោយមិនត្រឹមតែកែបនោះទេ តភ្ជាប់ខេត្តរបស់យើងនៅមាត់សមុទ្រទៀត អាចកំពុងសិក្សាថ្ងៃក្រោយ អាចជិះកង់ពីកែបរហូតដល់កោះកុងតាមមាត់សមុទ្របើយើងអាចធ្វើទៅបាន ព្រោះយើងមានតែ៤ខេត្តទេ សក្តានុពលនីមួយៗអាចពិនិត្យមើលព្រោះអាចជាការទាក់ទាញសំខាន់ ឥលូវអ្នកជិះកង់ក៏ច្រើន អ្នកខ្លះអាចជិះកង់ពីភ្នំពេញមកកែប សុខភាព ផាកសុខភាព ថែមទាំងការធ្វើដំណើរផ្សេងៗទៀត »។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងសិក្សារៀបចំផ្លូវតាមមាត់សមុទ្រ សំដៅដល់ការទាក់ទាញភ្ញៀវទេសចរ តាមផែនការ គ្រោងរៀបចំផ្លូវជិះកង់ ផ្លូវរត់ តភ្ជាប់ខេត្តនៅមាត់សមុទ្រ ខណៈដែលថ្ងៃអនាគតអ្នកអាចជិះកង់ពីខេត្តកែប រហូតដល់កោះកុង តាមមាត់សមុទ្រ បើអាចធ្វើទៅបាន។
សម្តេចធិបតី បានលើកទឹកចិត្តឱ្យពិនិត្យឱ្យបានហ្មត់ចត់លើគម្រោងនេះ ដើម្បីធានាឱ្យការអនុវត្តបានជោគជ័យព្រោះថា ខេត្តជាប់មាត់សមុទ្រទាំង៤ មានសក្តានុពលផ្សេងៗគ្នា បើមយើងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបែបនេះ មិនត្រឹមតែជួយដល់សេដ្ឋកិច្ចក្នុងស្រុកតាមរយៈការសម្រួលដល់ទេសចរណ៍ជិះកង់ប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់សុខុមាលភាពដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ចូលរួមអបអរសាទរសមិទ្ធផលថ្មីរបស់ប្រជាពលរដ្ឋនៅក្រុងកែប និងប្រជាជនទាំងអស់ សមិទ្ធផលថ្មីដែលសម្ពោធថ្ងៃនេះ ជាសរសៃឈាមតភ្ជាប់វិស័យទេសចរណ៍ និងអាចជិះកង់ពីភ្នំពេញមកខេត្តកែប តាមតំបន់ឆ្នេរសមុទ្រ ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តថា ៖ រយៈពេលជិត ១៥ ខែនៃការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ រដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងនោះមានដូចជាសម្ពោធផ្លូវថ្មីៗ ស្ពាន ព្រែកជីកហ្វូណនតេជោ ពង្រីក និងរៀបចំប្រព័ន្ធភ័ស្តុភារកម្មនៅកំពង់ផែព្រះសីហនុជាដើម។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកាសទទួលយកគំនិតទស្សនៈដែលកើតចេញពីការវិភាគបែបវិទ្យាសាស្ត្រ ដោយមានការប្រមូលទិន្នន័យតាមបែបវិទ្យាសាស្ត្រច្បាស់លាស់ ដើម្បីបញ្ជៀសការយល់ច្រឡំ ឬ ភាពអយុត្តិធម៌ណាមួយទៅលើស្ថាប័ន ឬ បុគ្គលជាអ្នកទទួលខុសត្រូវលើការ ងារណាមួយ ៕
ដោយ ៖ សិលា