ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ១៤កេីត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងលើកទឹកចិត្តនិងថ្លែងអំណរគុណ ដល់ នាយ-នាយរងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅទាំងអស់ ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួននិងការជួបជុំក្រុមគ្រួសារទាំងយប់ទាំងថ្ងៃ មកចូលរួមបំពេញតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ក្នុង ព្រះរាជពិធីបុណ្យ រយៈពេល ០៣ថ្ងៃនេះ។
សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកាថ្មីៗនេះ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព ក្នុងបេសកកម្ម ចូលរួមជាមួយកម្លាំងចម្រុះក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បរទេស ដែលនឹងអញ្ជើញមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលប៉ុន្មានថ្ងៃនេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ នាយ-នាយរងអាវុធហត្ថ ដែលទទួល ការងារតាមបណ្តាគោលដៅទាំងអស់ ត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ ធានាឲ្យបានដាច់ខាត នូវការអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ គោរពច្បាប់ គោរពសិទ្ធមនុស្ស រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ដោយឈរលើស្មារតីជាអ្នកបម្រើរាស្ត្រ ស្របតាមទិសស្លោកដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានលើកឡើងថា “ប្រទេសជាតិត្រូវតែការពារ រាស្ត្រប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”៕
ដោយ៖ តារា