ខេត្តស្ទឹងត្រែង៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួល ចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខៈ ៤៥៩ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ពីការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដែលបានសហការជាមួយ នឹងកម្លាំងជំនាញប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារ ព្រំដែនអន្តរជាតិត្រពាំងក្រៀល កម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៧០១ និងកម្លាំងជំនាញនៃ អធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់។
ក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ សារធាតុញៀនចំនួន ២គីឡូ ២៣១.៥៩ក្រាម ជាប្រភេទសារធាតុញៀនមេតំហ្វេតាមីន (WY), សារធាតុមិនច្បាស់ប្រភេទ (ទឹកខ្មៅ)ចំនួន២១ដប, សារធាតុមិនច្បាស់ប្រភេទ(ពណ៌ទឹកតែ)ចំនួន០១ ដប និងសារធាតុមិនច្បាស់ប្រភេទម្សៅម៉ត់ស ០១ធុង។
បន្ទាប់ពីបានធ្វើការពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានានៅក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យជនជាតិចិនចំនួន ០១ នាក់ ពីបទ ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញត្តិ មាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងជនជាតិខ្មែរចំនួន០១ នាក់ ពីបទ សមគំនិតក្នុងអំពើដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា ២៩ នៃក្រម ព្រហ្មទណ្ឌ និងមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រព្រឹត្តនៅចំណុចគោលដៅត្រួតពិនិត្យផ្លូវ បំបែកចូលភូមិអូរស្វាយ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ អរុណរះ