ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើរាជរដ្ឋាភិបាលមានប្រកាន់ជំហរយ៉ាងណាដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ៖ ការដោះស្រាយបញ្ហាវិវាទដីធ្លី គឺត្រូវអនុវត្តតាមវិធីសាស្រ្ដចំនួនពីរ ៖ 

គឺទីមួយ-ត្រូវដោះបញ្ហាចំពោះមុខ ។

ទីពីរ-ដោះស្រាយដោយត្រូវកំណត់យុទ្ធសាស្រ្ដដោះបញ្ហារយៈពេលវែង ដើម្បីឈានទៅដោះស្រាយឱ្យទទួលបានជោគជ័យ ខណៈមកដល់បច្ចុប្បន្នកំពុងមានវិវាទដីធ្លីនេះជាង ១ម៉ឺនករណី។

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលអាណត្តិទី៧ តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រឹងប្រែងដោះស្រាយទំនាស់ដីធ្លី ដែលធ្វើឱ្យជម្លោះដីធ្លីបានថយចុះជាលំដាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាជម្លោះដីធ្លី គឺជារឿងដែលត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ដែលទាមទារការដោះស្រាយដោយស្មារតីយោគយល់គ្នាខ្ពស់ផងដែរ ហើយការដោះស្រាយបញ្ហាទំនាស់ដីធ្លីបាន គឺអាស្រ័យទៅលើការចុះបញ្ជីដីធ្លីឱ្យ បានចប់ផងដែរ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាការវាស់វែងក្បាលដីជូនពលរដ្ឋនឹងអាចចប់នៅក្នុងឆ្នាំ២០២៩ ចំខួប៤០ឆ្នាំ នៃគោលនយោបាយផ្ដល់កម្មសិទ្ធិដីធ្លីរបស់សម្ដេចតេជោ ឆ្នាំ១៩៨៩ ។ 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យមានការត្រួតពិនិត្យគុណភាពសំណង់ដែលគ្រោងសាងសង់បុរី លំនៅឋាននានា និងសំណង់អគារចាស់ៗដែលមានអាយុកាលច្រើនឆ្នាំកន្លងមកហើយ ដើម្បីការពារអាយុជីវិតអ្នករស់នៅក្នុងលំនៅឋាននោះ និងសាធារណជនដែលធ្វើដំណើរកាត់តាមសំណង់ទាំងនោះ៕

ដោយ ៖ សិលា


ចែករំលែក៖