ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើការឃោសនាថា នឹងផ្តល់កម្មសិទ្ធិដីធ្លីមុនសម័យសង្រ្គាមឡើងវិញ ជារឿងត្រឹមត្រូវដែរឬទេ?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ៖ មានគណបក្សមួយចំនួន ធ្លាប់បានឃោសនាថា បើសិនជាគេឈ្នះឆ្នោត នោះគេនឹងផ្តល់កម្មសិទ្ធិដីធ្លីមុនសម័យសង្រ្គាមឡើងវិញជូនប្រជាពលរដ្ឋ។

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឃោសនារបស់គណបក្សមួយចំនួនពីការផ្តល់កម្មសិទ្ធិដីធ្លីមុនសម័យសង្រ្គាមឡើងវិញ គឺជាការឃោសនាអកុសល និងមិនមែនជាការពិតនោះឡើយ។ ព្រោះបើគេធ្វើបែបនោះមែន ប្រទេសជាតិច្បាស់ជាកើតមានសង្រ្គាមម្តងទៀតជាមិនខាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បញ្ហាទំនាស់ដីធ្លីខ្លះ មានបញ្ហានយោបាយនៅពីខាងក្រោយ ព្រោះមានការញុះញង់ពីក្រុមដែលមានចេតនាទុច្ចរិត ហើយរាជរដ្ឋាភិបាល នឹងខិតខំដោះស្រាយបញ្ហាដីធ្លីនេះដោយស្មារតីយោគយល់សម្របសម្រួល ដោយមិនរង់ចាំអង្គុយបក់ផ្សែងនោះឡើយ។ 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមកុំទៅកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ពលរដ្ឋដែលខ្វះដីពិតប្រាកដសូមទៅដាក់ពាក្យស្នើសុំដីធ្លីតាមយន្តការដែលមាន ហើយរដ្ឋាភិបាលនឹងផ្ដល់ដីជូន ដោយមិនមានបង់កម្រៃអ្វីនោះឡើយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ដែលដាំដុះលើដីនៅតំបន់ទន្លេសាប សូមគោរពតាមគោលការណ៍ និងក្រមស្ដីពីការប្រើប្រាស់ជីគីមី និងថ្នាំគីមី សម្រាប់ដំណាំកសិកម្ម ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ត្រី និងជីវចម្រុះនៅបឹងទន្លេសាប ៕ 

ដោយ ៖ សិលា


ចែករំលែក៖