ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​ក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ចែករំលែក៖

ភ្នំពេញ​៖​  សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​ក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ 

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​របស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

  សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​គាំទ្រចំពោះឯកឧត្តមរដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី ដែលបានដាក់ចេញនូវសមរភូមិការងារចំនួន៥ លើការងាររបស់ខ្លួន ខណៈចាប់ពីដើមអាណត្តិទី៧នេះក្រសួងបានសម្រេចបានសមិទ្ធផលជាច្រើនជាពិសេសលើការងារដោះស្រាយវិវាទដីធ្លី បញ្ហានៅតាមបុរី និងការចុះបញ្ជីធ្លីនៅក្នុងប្រទេសកម្ពុជា។

  សម្ដេចធិបតី ថ្លែង​ជំរុញឱ្យមានករពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យ វិស័យសំណង ជាដើម ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចរបស់កម្ពុជា។

  សម្ដេចធិបតី ថ្លែង​បញ្ជាក់ រយៈពេល ១៥ ខែនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បានធ្វើការច្រើនលើការដោះស្រាយបញ្ហាដីធ្លីនេះ ហើយករណីបញ្ហាដីធ្លីនេះ គឺជាបញ្ហាក្ដៅដែលទាមទារឱ្យមានការដោះស្រាយដោយមានការប្រុងប្រយ័ត្នបំផុត។

  សម្ដេចធិបតី ថ្លែង​បញ្ជាក់ថា ចំពោះបញ្ហាវិវាទដីធ្លី រាជរដ្ឋាភិបាលបានកំណត់បញ្ហាពីដើមទីនៃអាណត្តិទី៧នេះ ក្នុងការដោះស្រាយ ដែលក្នុងនោះបញ្ហាធំជាគេ គឺការកំណត់ព្រំប្រទល់ដីមិនទាន់មានភាពច្បាស់លាស់។

  សម្ដេចធិបតី ថ្លែង​បញ្ជាក់ថា ការដោះស្រាយបញ្ហាវិវាទដីធ្លី គឺត្រូវអនុវត្តតាមវិធីសាស្រ្ដចំនួនពីរ គឺទីមួយត្រូវដោះបញ្ហាចំពោះមុខ ទីពីរដោះស្រាយដោយត្រូវកំណត់យុទ្ធសាស្រ្ដដោះបញ្ហារយៈពេលវែង ដើម្បីឈានទៅដោះស្រាយឱ្យទទួលបានជោគជ័យ ខណៈមកដល់បច្ចុប្បន្នកំពុងមានវិវាទដីធ្លីនេះជាង ១ម៉ឺនករណី។

-សម្ដេចធិបតី ថ្លែងថា​ សូមសាធារណជនពិនិត្យមើលលើបញ្ហាជម្លោះដីធ្លីជាពិសេសតាមបណ្ដាញសង្គមនានា ថាតើនៅក្នុងរយៈពេល ១៥ ខែមុន និង ១៥ ខែក្រោយ បានថយចុះកម្រិតណា។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា រដ្ឋាភិបាលអាណត្តិទី៧ តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រឹងប្រែងដោះស្រាយទំនាស់ដីធ្លី ដែលធ្វើឱ្យជម្លោះដីធ្លីបានថយចុះជាលំដាប់។

  សម្ដេចធិបតី ថ្លែង​បញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់គោលដៅពង្រឹង និងជំរុញក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីនេះឱ្យបានចប់រួចរាល់។

-សម្ដេចធិបតី ថ្លែងថា​ ករណីវិវាទដីធ្លី នឹងដោះស្រាយបញ្ចប់ឱ្យអស់ទាំងស្រុងនៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នេះ។

-សម្ដេចធិបតី ថ្លែងថា​ កំពង់ចាម បានក្លាយជាខេត្តដំបូងគេ ដែលបានចុះបញ្ជីក្បាលដី ដើម្បីផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ និងស្ថាប័ននានា បានចប់សព្វគ្រប់មុនគេ។

-សម្ដេចធិបតី ថ្លែង​ថា កាលពី ៤ ឆ្នាំមុន ជាពិសេសមុនវិបត្តិកូវីដ ឃើញថា អ្នកជំនួញភាគច្រើនបារម្ភពីការទិញដី ទិញផ្ទះបុរី មិនទាន់គេ ដោយសារស្ថានភាពសេដ្ឋកិច្ចល្អ មានកំណើនជាលំដាប់។ 

-សម្ដេចធិបតី​ រំលេចបន្ថែមថា នៅពេលនោះម្ចាស់បុរីខ្លះ អ្នកជំនួញដីធ្លីមួយ ចំនួន បានខ្ចីប្រាក់ពីធនាគារ ដើម្បីសង់បុរី និងទិញដីទុកលក់យកចំណេញ។ ពេលវិបត្តិកូវីដផ្ទុះ បញ្ហាអចលនទ្រព្យ ក៏ត្រូវជាប់គាំង ដែលបង្កជាបញ្ហាដល់ការទូទាត់សងទៅធនាគារវិញ។

-សម្ដេចធិបតី ថ្លែងថា​ ដើម្បីជួយដល់វិស័យអចលនទ្រព្យនៅអំឡុង និងក្រោយវិបត្តិកូវីដ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ជាច្រើនក្នុងនោះមានដូចជា ការលើកលែងពន្ធជាច្រើនផ្នែក និងពន្ធប្រថាប់ត្រាជាដើម។

-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា សម្ដេចមិនអនុញ្ញាតឱ្យមានការកែសម្រួលព្រំដី ឬ កំណត់ព្រំដីនៅតំបន់ទន្លេសាបទៀតនោះទេ។ សម្ដេចបញ្ជាក់បន្ថែមថា កន្លងមករដ្ឋាភិបាលបានសម្របសម្រួលកែសម្រួលព្រំដីនៅតំបន់ទន្លេសាប ដើម្បីផ្ដល់ជូនពលរដ្ឋបានជាង ៨០០០០ ហិកតារួចហើយ ហេតុនេះ សម្ដេចមិនអនុញ្ញាតឱ្យមានការកំណត់ ឬ កែសម្រួលព្រំដីនៅតំបន់ទន្លេសាបបានទៀតនោះទេ។

-សម្ដេចធិបតី ថ្លែង​អំពាវនាវដល់ប្រជាកសិករទាំងអស់ ដែលដាំដុះលើដីនៅតំបន់ទន្លេសាប សូមគោរពតាមគោលការណ៍ និងក្រមស្ដីពីការប្រើប្រាស់ជីគីមី និងថ្នាំគីមី សម្រាប់ដំណាំកសិកម្ម ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ត្រី និងជីវចម្រុះនៅបឹងទន្លេសាប។

-សម្ដេចធិបតី ថ្លែង​អំពាវនាវដល់ពលរដ្ឋទាំងអស់ សូមកុំទៅកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ពលរដ្ឋដែលខ្វះដីពិតប្រាកដសូមទៅដាក់ពាក្យស្នើសុំដីធ្លីតាមយន្តការដែលមាន ហើយរដ្ឋាភិបាលនឹងផ្ដល់ដីជូន ដោយមិនមានបង់កម្រៃអ្វីនោះឡើយ។

-សម្ដេចធិបតី ប្រកាសបញ្ជាឱ្យមានការត្រួតពិនិត្យគុណភាពសំណង់ដែលគ្រោងសាងសង់បុរី លំនៅឋាននានា និងសំណង់អគារចាស់ៗដែលមានអាយុ​កាលច្រើនឆ្នាំកន្លងមកហើយ ដើម្បីការពារអាយុជីវិតអ្នករស់នៅក្នុងលំនៅឋាននោះ និងសាធារណជនដែលធ្វើដំណើរកាត់តាមសំណង់ទាំងនោះ៕

ដោយ​៖តារា​


ចែករំលែក៖