វិមានរដ្ឋសភា៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជាបានរៀបចំពិធីបើកអង្គសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ស្រ្តី សន្តិភាព និងសន្តិសុខ៖ បច្ចេកទេស និងវិធីសាស្រ្តចរចា និងសម្រុះសម្រួលក្នុងក្របខ័ណ្ឌសភា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
សិក្ខាសាលានេះមានគោលបំណង លើកកម្ពស់សមត្ថភាពរបស់សមាជិកសភាស្ត្រីក្នុងតំបន់អាស៊ាន នៅលើរបៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ នៅក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌសភានៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន-អាយប៉ា។ គួរបញ្ជាក់ផងដែរថា ពិធីបើកអង្គសិក្ខាសាលានេះ មានសមាជិកា សមាជិក ព្រឹទ្ធសភា រដ្ឋសភា និងមន្រ្តីជំនាញ នៃសភាកម្ពុជា សភាឡាវ សភាឥណ្ឌូនេស៊ី សភាម៉ាឡេស៊ី សភាថៃ និងសភាហ្វីលីពីន សរុបប្រមាណជាងមួយរយនាក់។
សិក្ខាសាលានេះទទួលបានជំនួយឧបត្ថម្ភទាំងថវិកា និងបច្ចេកទេស ពី PCAsia និង ZIF និងសហការរៀបចំដោយ អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី និងគណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជា ៕
ដោយ ៖ សិលា