ព័ត៌មានទាន់ហេតុការណ៍៖

រឿង”សង្សារខ្ញុំក្រមុំកូន១”ចាក់បញ្ចាំងខណៈឈុតខ្លីមានអ្នកចូលមើលជាង១លានដង

ចែករំលែក៖

ភ្នំពេញៈ ខ្សែភាពយន្តខ្នាតធំរបស់ផលិត កម្ម RED Pictureរឿង”សង្សារខ្ញុំក្រមុំកូន១”បានប្រកាសសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៣ ខែសីហានេះ ក្រោមវត្តមានតារាសម្ដែងនិងតារាកំប្លែងយ៉ាងច្រើនកុះករនៅរោងភាពយន្តទំនើបនៅស្ទឹងមានជ័យ។ ការប្រកាសដាក់បញ្ចាំងខ្សែភាពយន្តនេះត្រូវបានធ្វើឡើងក្រោយពីចំនួនអ្នកចូលរួមទស្សនាឈុតខ្លីនៅលើ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកើន ឡើងដល់ជាងមួយលានដង។

នេះជាចំនួនដែលចូលទៅទស្សនាឈុតខ្លីមិនធ្លាប់មានពីមុនមក ហើយចំនួននេះអាចនឹងធ្វើឲ្យផលិតកររំពឹងថាខ្សែភាពយន្តមួយនេះនឹងមានអ្នកទិញសំបុត្រចូលមើលផ្ទាល់មិនតិចជាងកន្លះលាននាក់ទេដោយ សារតែសម្អាងលើភាពខ្លាំងរបស់ខ្សែរឿង។

ខ្សែភាពយន្តបែបកំប្លែង ស្នេហា វាយ តប់ និងស៊ើបអង្កេតនេះត្រូវបានចូលរួម សម្តែងដោយតារាសម្តែងនិងតារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើនដូចជា អ្នក នាង សារ៉ាយ សក្កណា, លោក ជា សុវណ្ណ រិទ្ធិ, នាយគ្រឿន, នាយពែកមី, នាយក្រូច, នាងអីុត, លោក BIG និងតារាជាច្រើន រូប ទៀត។ អ្វីដែលគេចាប់អារម្មណ៍សម្រាប់រឿង នេះដែរគឺមានការចូលរួមសម្តែងដោយកូនប្រុសតារាកំប្លែងនាយពែកមីផងដែរ។ ទាំងសិល្បករ និងផលិតករសុទ្ធតែដាក់ក្តី រំពឹងខ្ពស់ចំពោះការចាក់បញ្ចាំងខ្សែភាព យន្តនេះនៅគ្រប់រោងកុនទំនើបទាំងអស់នៅភ្នំពេញ។

លោកឌៀប សុវណ្ណារ៉ា ចាងហ្វាងផលិត កម្មបានអះអាងថា ដោយសារតែខ្សែរឿង “សង្សារខ្ញុំក្រមុំកូន១” ជារឿងដែលបាន សម្រិតសម្រាំងសម្រាប់ឆ្នាំ២០១៦នេះនិងជារឿងដែលមានការរំពឹងខ្ពស់លើសពីរឿង”ភូមិអត់មនុស្ស” និងរឿង”ទង់ព្រលឹង”ដែលទទួលការគាំទ្រខ្លាំង ទើបលោកសម្រេច ដាក់បញ្ចាំងគ្រប់រោងនៅភ្នំពេញនិងខេត្តសៀមរាបចាប់ពីថ្ងៃទី២៤ ខែសីហាតទៅ ដើម្បីឲ្យត្រូវនឹងបរិបទសិស្សថ្នាក់ទី១២ ទើបនឹងបានប្រលងជាប់។ លោកថាដើមទុនផលិតរឿងនេះចំណាយខ្ពស់មិនខុសពីរឿងមុនៗនោះទេ ប៉ុន្តែអ្វីដែលមានការ ខុសប្លែកគឺសាច់រឿងប្លង់និងការរៀបចំឈុតឆាកឲ្យល្អព្រមជាមួយនឹងការសម្រិត សម្រាំងតួសម្ដែងនោះតែម្ដង។

ផលិតករបញ្ជាក់ថា រឿងនេះនឹងរំពឹងទាក់ទាញអ្នកទស្សនាមិនក្រោម៥០ម៉ឺននាក់នោះឡើយដោយសារតែយោងលើរឿង មុនៗទទួលបានអ្នកទស្សនាលើសពីកន្លះលាននាក់មុនពេលទម្លាក់ស្លាកពីរោង។

តួឯកប្រុសលោកសុ វណ្ណរិទ្ធិ បានលើក ឡើងថា ខ្សែភាពយន្តថ្មីមួយនេះប្លែក។ ប្លែកទី១គឺជាការសម្តែងរួមគ្នាជាមួយនឹង អ្នកនាងសារាយ សក្កណា ដែលកន្លងទៅលោកធ្លាប់សម្តែងជាមួយគ្នាមួយរឿងកាល ពីឆ្នាំ២០០៨ ។ ទី២គឺលោកបានចូលរួមជាលើកដំបូងជាមួយនឹងតារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើនដែលនាំឲ្យខ្សែភាពយន្តនេះទៅជាខ្សែភាពយន្តកំប្លែងថ្មី។ លោកថារយៈពេលខ្លីនៃការសម្តែងរឿងនេះ លោកមានអារម្មណ៍ថា មានភាពស្និទ្ធស្នាលហាក់បីដូចជាស្គាល់គ្នាយូរឆ្នាំអ៊ីចឹងអារម្មណ៍ដែលយើងលេងទៅហាក់ដូចជាស៊ីជម្រៅគ្នា មានអារម្មណ៍ថាផលិតករគាត់ឱ្យធ្វើអី្វច្រើនតែលើសប៉ុន្តែការលើសហ្នឹងក៏ជាការបន្ថែមល្បោយតិចតួចមួយដើម្បី ឲ្យទស្សនិកជនគាត់ទទួលបានអារម្មណ៍ រីករាយនិងសើចសប្បាយ។

គួរបញ្ជាក់ដែរថាស្នាដៃទី១រឿង”ភូមិ អត់មនុស្ស” របស់ផលិតកម្ម RED Picture អាចស្វែងរកចំណូលបានប្រមាណជាង៣០ម៉ឺនដុល្លារអាមេរិក ហើយក៏ជាខ្សែភាពយន្តដែលអាចរកចំណូលនិងចំនួនអ្នកគាំទ្រច្រើនជាងគេប្រចាំឆ្នាំ២០១៥។ រីឯខ្សែភាព យន្តរឿង”ទង់ព្រលឹង” វិញត្រូវបានចាក់ បញ្ចាំងកាលពីអំឡុងខែមេសានោះក៏ទទួលបានការគាំទ្រច្រើនលើសលប់ពីអ្នកនិយមទស្សនាខ្សែភាពយន្តនៅតាមរោងកុនដែរ។ គេរំពឹងដែរថា ខ្សែភាពយន្តថ្មីរឿង “សង្សារខ្ញុំក្រមុំកូន១”ក៏នឹងអាចស្វែងរក ចំណូលនិងចំនួនអ្នកចូលទស្សនាកាន់តែច្រើនផងដែរ៕ វឌ្ឍនា

 

aes (3) aes (2) aes (1) aes (4) aes


ចែករំលែក៖