ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានគំរាមយកពន្ធ 100% លើប្រទេស BRICS

ចែករំលែក៖

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងស្នើឱ្យក្រុម BRICS កុំបង្កើតរូបិយប័ណ្ណរួមថ្មី បើមិនដូច្នេះទេ លោកនឹងដាក់ពន្ធរហូតដល់ 100% លើទំនិញពីប្រទេសដែលជាសមាជិកក្រុមនេះ។លោក Trump បានបង្ហោះនៅលើ Truth Social កាលពីចុងសប្តាហ៍កន្លងមកថា “បណ្តាប្រទេស BRICS ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ ខណៈពេលដែលយើងគ្រាន់តែឈរស្ងៀម ហើយមើលនោះនឹងឈានដល់ទីបញ្ចប់។ យើងស្នើឱ្យប្រទេសទាំងនេះប្តេជ្ញាមិនបង្កើតរូបិយប័ណ្ណ BRICS ថ្មី ហើយក៏មិនគាំទ្ររូបិយប័ណ្ណណាមួយដើម្បីជំនួស ប្រាក់ដុល្លារអាមេរិក ឬពួកគេនឹងប្រឈមមុខនឹងពន្ធ 100% ។
BRICS ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011។ នៅដើមឆ្នាំនេះ បន្ទាប់ពីជាងមួយទសវត្សរ៍ ក្រុមនេះបានពង្រីកជាមួយនឹងការចូលរបស់អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម (UAE) អេត្យូពី និងអេហ្ស៊ីប។
កាលពីខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអាហ្រ្វិកខាងត្បូង លោក Naledi Pandor បាននិយាយថា ប្រទេសចំនួន 34 បានដាក់ពាក្យដើម្បីបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយក្រុម BRICS ដែលជាប្លុកនៃសេដ្ឋកិច្ចកំពុងរីកចម្រើនដ៏សំខាន់។
នៅឆ្នាំ 2023 ប្រធានាធិបតីប្រេស៊ីល Luiz Inácio Lula da Silva បានស្នើគំនិតនៃការបង្កើតរូបិយប័ណ្ណរួមសម្រាប់បណ្តាប្រទេសនៅអាមេរិកខាងត្បូងដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។
ការកសាងប្រព័ន្ធហិរញ្ញវត្ថុឯករាជ្យអាចអនុញ្ញាតឱ្យរដ្ឋជាសមាជិកដូចជារុស្ស៊ី ចិន និងអ៊ីរ៉ង់ ជៀសវាងការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ ប្រព័ន្ធនេះក៏ជួយពិភពលោកឱ្យរួចផុតពីស្ថានការណ៍ឯកតោភាគីដែលមានអស់ជាច្រើនឆ្នាំ នៅពេលដែលប្រទេសជាច្រើនងាយទទួលរងការហ៊ុមព័ទ្ធសេដ្ឋកិច្ចឯកតោភាគីដោយសហរដ្ឋអាមេរិក និងលោកខាងលិច។
ក្នុងអំឡុងកិច្ចប្រជុំកំពូល BRICS កាលពីខែតុលា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើសេចក្តីថ្លែងការណ៍បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការពង្រីក និងពង្រឹង BRICS ដើម្បីជួយពិភពលោកឱ្យក្លាយជាពហុភាគី និងពហុប៉ូល។
សេចក្តីថ្លែងការណ៍ខាងលើរបស់លោក Trump លេចឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានសន្យាថានឹងអនុវត្តពន្ធខ្ពស់លើទំនិញដែលនាំចូលពីម៉ិកស៊ិក កាណាដា និងចិនភ្លាមៗនៅពេលលោកចូលកាន់តំណែង៕

ដោយ៖ ធីរីណា(រូបថត​៖ Reuters)


ចែករំលែក៖