ខេត្តព្រះសីហនុ ៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែង និងពីរនាក់ទៀតបានរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ១គ្រឿងបើកបររេចង្កូតទៅបុកប៉ះជាមួយរថយន្តក្នុងទិសដៅបញ្ច្រាសគ្នា។
ហេតុការណ៍ខាងនេះបានកើតឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១០និង១០នាទីយប់ លើផ្លូវជាតិលេខ១៤៦B (សម្ដេចសង្ឃទេពវង្សវាលរេញ -ស្ទឹងហាវ )ចន្លោះបង្គោលគីឡូម៉ែត្រលេខ ០៣-០៤ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមសមត្ថកិច្ចឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង បង្កដោយម៉ូតូ ០១គ្រឿងម៉ាក HONDA BLADE ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ ដែលមានទិស ដៅពីស្រុកស្ទឹងហាវ ឆ្ពោះទៅ ស្រុកព្រៃនប់ និងអ្នកបើកបរ ភេទប្រុស និងអ្នករួមដំណើរមិនទាន់ស្គាល់អត្តសញ្ញាណចំនួន០២នាក់ (ស្រី០១នាក់ និងប្រុស ០១នាក់) ។
លុះមកដល់ចំណុចខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃរបស់ខ្លួន ខណៈនោះមានរថយន្ដ១គ្រឿងម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AF -8966 ដែលមានទិសដៅផ្ទុយគ្នា និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បានបុកចំពីមុខចំហៀងខាងឆ្វេងតែម្ដង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន ០១នាក់ និងរបួសចំនួន០២នាក់ ៖
១.អ្នកបើកបរម៉ូតូ (ស្លាប់នៅនឹងកន្លែងកើតហេតុ)
២.អ្នករួមដំណើរ០២នាក់(រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជន លី គឹមឌី ឃុំវាលរេញ)។
បច្ចុប្បន្ន វត្ថុតាង(រថយន្ដនិងម៉ូតូ) បានយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើកបររថយន្ដបានចុះពីរថយន្ដរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចជំនាញចុះទៅដល់កន្លែងកើតហេតុ៕
ដោយ៖ សូរិយា