បើតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថានាយកប្រតិបត្តិក្រុមហ៊ុន Nissan Motor លោក Stephen Ma គ្រោងនឹងលាលែងពីដំណែងក្រោយក្រុមហ៊ុនរបស់ជប៉ុននេះបានប្រកាសពីបញ្ហាប្រាក់ចំណេញនិងគម្រោងកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ទូរទាំងសកលលោក។
ប្រភពព័ត៌មានខាងលើមិនបានបញ្ជាក់ច្បាស់ថាតើលោក លោក Ma នឹងចាកចេញពីដំណែងដោយខ្លួនឯងឬក៏ត្រូវបានក្រុមហ៊ុនដកហូតដំណែងនោះទេ ខណៈដែលNissan បានបដិសេធមិនធ្វើអត្ថាធិប្បាយនៅពេលត្រូវបានទាក់ទងសួរដោយសារព័ត៌មាន Reuters។
ក្រុមហ៊ុន Nissan បាននិយាយកាលពីដើមខែនេះថា ខ្លួននឹងកាត់បន្ថយការងារចំនួន 9,000 កន្លែង 20 ភាគរយនៃសមត្ថភាពផលិតសកលរបស់ខ្លួន ខណៈដែលពួកគេកំពុងព្យាយាមកាត់បន្ថយការចំណាយចំនួន 2.6 ពាន់លានដុល្លារក្នុងមួយឆ្នាំ ចំពេលដែលការលក់ធ្លាក់ចុះនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាទីផ្សារធំបំផុតទាំងពីររបស់ខ្លួន។
ការលក់របស់ក្រុមហ៊ុន Nissan នៅលើពិភពលោកបានធ្លាក់ចុះ 3.8 ភាគរយមកនៅត្រឹម 1.59 លានគ្រឿងសម្រាប់ឆមាសទីមួយនៃរយះពេលមួយឆ្នាំ ដែលភាគច្រើនដោយសារតែការធ្លាក់ចុះ 14.3 ភាគរយនៅក្នុងប្រទេសចិន។ដូចក្រុមហ៊ុនផលិតរថយន្តបរទេសជាច្រើនដែរ Nissan កំពុងតែពិបាករកអតិថិជននៅក្នងទីផ្សារប្រទេសចិន ដោយសារក្រុមហ៊ុនផលិតក្នុងស្រុកជាច្រើនកំពុងដណ្តើមចំណែកទីផ្សារជាមួយនឹងរថយន្ត អគ្គីសនី EV និងរថយន្តកូនកាត់ដែលមានតម្លៃសមរម្យដែលមានបច្ចេកវិទ្យាទំនើប។ប៉ុន្តែបញ្ហាធំជាងនេះរបស់ Nissan អាចនឹងកើតមាននៅក្នុងសហរដ្ឋអាមេរិក ព្រោះពួកគេពុំមានលក់រថយន្តកូនកាត់នៅឡើយ ផ្ទុយពីគូប្រជែងក្រុមហុនជប៉ុនមួយទៀតគឺ Toyota បានផលិតទៅតាមតម្រូវការរថយន្ត Hybrid សាំង-អគ្គិសនី៕
ដោយ៖ ភារៈ