ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញទីតាំងធ្វើរ៉ែមាស១កន្លែង នៅឃុំស្រែហ៊ុយ ស្រុកកោះញែក កម្លាំងជំនាញអប់រំណែនាំប្រជាពលរដ្ឋឱ្យបញ្ឈប់សកម្មភាព

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី០៣, ០៤ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារការិយាល័យដែនជម្រកសត្វព្រៃស្រែពក ដឹកនាំដោយលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរទទួលបន្ទុករួម សហការជាមួយគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយ សី ទូច អភិបាលស្រុកកោះញែកចុះពិនិត្យទីតាំង រុករករ៉ែមាស អនាធិបតេយ្យដោយគ្មានការអនុញ្ញាតស្ថិត ក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្ត មណ្ឌលគិរី បានដកហូតម៉ាសុីនបូមទឹក ១គ្រឿង និងចាប់ឃាត់ម៉ូតូ២គ្រឿងផ្ទុកឈើអា សុក្រម ៦ សន្លឹកនិងធ្នង់៣ដុំនៅចំណុចអូរអង្លាវស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោកឌិន ប៊ុនធឿន បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះកម្លាំងសហការ បានជួបប្រជាពលរដ្ឋដែលកំពុងធ្វើ សកម្មភាពរុករករ៉ែមាស លក្ខណៈគ្រួសារហើយក៏បានអប់រំណែនាំពួកគាត់ឲ្យបញ្ឈប់សកម្មភាពនិងវិលត្រឡប់ទៅគេហដ្ឋានវិញ។ លោកបញ្ជាក់ថា សកម្មភាពនេះមាន លក្ខណៈទ្រង់ទ្រាយតូចតាចប៉ុណ្ណោះ មិនមានអ្វីគួរឲ្យចាប់អារម្មណ៍នោះទេ។ លើសពីនេះទៀតប្រជាពលរដ្ឋដែលបានប្រព្រឹត្តក៏ទទួលស្គាល់អំពីបញ្ហាកំហុសឆ្គងរបស់ខ្លួននិងសារភាពថា លែងប្រព្រឹត្តតទៅទៀត។

លោកអនុប្រធានមន្ទីរបានបន្ថែមថា កម្លាំងឧទ្យានុរក្សនិយាយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីតែងតែចុះល្បាតជាប្រចាំដើម្បីបង្ក្រាបនិងទប់ស្កាត់បទល្មើស។ តែយ៉ាង ណាក៏ដោយយើងមិនអាចដើរទាន់គ្រប់ពេលវេលា ដើម្បីទប់ស្កាត់បទល្មើសនោះទេពីព្រោះជាន់ខិលខូចតែងតែឆ្លៀតឱកាសនៅពេលសមត្ថកិច្ច(ឧទ្យានុរក្ស) ឆកល្វែងតែមួយភ្លែត ។ ដូច្នេះអ្វីដែលសំខាន់ មានតែការអប់រំណែនាំពន្យល់ប្រជាពលរដ្ឋអំពីការដែលត្រូវចូលរួមចំណែកការពារអភិរក្សធនធានធម្មជាតិ គឺជាភារកិច្ចរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា៕

ដោយ៖ សូរិយា


ចែករំលែក៖