ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ ៖ «វិធី៧យ៉ាង ដើម្បីបង្ការទប់ស្កាត់ការភូតភរបោកប្រាស់»

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបង្ហោះលើ Facebook ផ្លូវការយ៉ាងដូច្នេះថា ៖ «វិធី៧យ៉ាង ដើម្បីបង្ការទប់ស្កាត់ការភូតភរបោកប្រាស់»

១- ការដកគម្លាត៖ ចងចាំថា ការបោកប្រាស់ គឺជាយុទ្ធវិធីត្រជាក់ ប្រកបដោយសិល្បៈ។ ដូច្នេះអ្នកត្រូវដកគម្លាតឱ្យឆ្ងាយពីការឆាប់ជឿស្លុងតាមពាក្យលួងលោមបញ្ចុះបញ្ចូល។

២- ការផ្ទៀងផ្ទាត់៖ ដើម្បីសម្រេចការបោកប្រាស់ គេតែងតែប្រើពាក្យប្រឌិតឱ្យជឿស្លុងលើលទ្ធផលដ៏រំជើបរំជួល ប៉ុន្តែនឹងមិនដែលកើតមាបឡើងទេ។ ដូច្នេះ អ្នកត្រូវចេះផ្ទៀងផ្ទាត់ពីចំណុចដែលលើកឡើងនីមួយៗ។

៣- ការធ្វើរបងក្នុងការទំនាក់ទំនង៖ បើចាំបាច់ សុំកុំឱ្យជនដែលជាមុខសញ្ញាភូតភរចូលមកកៀកអ្នកឱ្យសោះ។ 

៤- ហ្វឹកហាត់ការពិចារណាគ្រប់ជ្រុងជ្រោយ ដោយភាពស៊ីជម្រៅ៖ អ្វីៗ មានហេតុមានផល និងមានបំណងរបស់វា។ ភាសាសាមញ្ញ គឺថាបើជាមុខរបរមានបានដោយងាយ គឺគេទុកនៅខ្លួនគេឬចែកបងប្អូនគេ ធ្វើមានបានហើយ។ គេមិនល្អពេករហូតមកចែករំលែកឱ្យអ្នកមានបានដោយងាយស្រួលនោះទេ។ 

៥- គ្រប់គ្រងអារម្មណ៍និងភាពត្រេកត្រអាលរបស់អ្នក៖ ពួកអ្នកប្រោកប្រាស់មានវិធីសាស្ត្រដំបូងបំផុត គឺចាប់យកភាពត្រេកត្រអាលរបស់អ្នក។ បើគេដឹងថាអ្នកមានចំណុចខ្សោយ និងមានសេចក្តីលោភលន់ ឬឆោតល្ងង់ចង់បានអ្វីមួយដោយងាយនោះ គឺពួកគេក៏កាន់តែងាយក្នុងការភូតបោកប្រាស់អ្នកដែរ។

៦- ការពង្រឹងភាពរឹងមាំម្ចាស់ការលើខ្លួនឯង៖ ការពង្រឹងសមត្ថភាពនេះគឺសំខាន់ណាស់។ ភាពរឹងមាំភាពមិនទន់ទោ មិនងាយជឿតាមការលួងលោម គឺការពារអ្នកពីការបញ្ចុះបញ្ចូលរបស់អ្នកដទៃ ហើយអ្នកមានភាពប្រាកដលើខ្លួនឯង អាចប្រឈមជាមួយនឹងសម្ពាធនៃការលួងលោម និងញែកបានច្បាស់អ្វីជាការពិត អ្វីក្លែងក្លាយ និងអ្វីជាការបោកប្រាស់។

៧- ស្វែងរកការពិគ្រោះយោបល់៖ កុំស្ទាក់ស្ទើរក្នុងការសាកសួរយោបល់ភ្លាមៗ ជាមួយសាច់ញាតិ ឬអ្នកឯកទេស ដើម្បីផ្ទៀងផ្ទាត់ នៅពេលដែលអ្នកយល់ឃើញថា មានការភូតភរ និងប៉ុនប៉ងបោកប្រាស់។ ការសួរយោបល់ គឺមិនខាតបង់ទេ។ ការចាញ់បោកគេទេ ទើបជាការខាតបង់ដោយឈឺចាប់ផ្នែកផ្លូវចិត្ត ពេលវេលា និងទ្រព្យសម្បត្តិ។ 

លោកបន្តថា ៖ *** វិធីខាងលើ ប្រហែលលោកអ្នកអាចប្រើប្រាស់បានដើម្បីទប់ទល់ជាមួយ ក្រុមជនបោកប្រាស់ដោយចំហរនិងលាក់មុខ ព័ត៌មានក្លែងក្លាយនៅតាមបណ្តាញសង្គមគ្រប់ទម្រង់ និងនៅក្នុងនយោបាយផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖