ព័ត៌មានទាន់ហេតុការណ៍៖

រឿង ៖ ពេលដែលម៉ែឃ្លាតទៅ (ត)

ចែករំលែក៖

– ” យ៉ើ ! អា ១៧ មេសាពូកែនិយាយណាស់វើយ តោះយើងទៅ” កងឈ្លបនិយាយហើយក៏ដើរចេញទៅ។

  ខ្ញុំ ព្រមទាំងម្ដាយឪពុក និងប្អូនៗដោយមិនដែលជួបប្រទះនូវហេតុការណ៍បែបនេះ បាននាំគ្នាលួចមើលក៏ឃើញឈ្លបបីនាក់នោះយួរឆ្នាំងបាយនៅក្តៅៗ ហុយៗនៅឡើយ ម្នាក់ទៀតកាន់ចានស្លាបព្រានិងអីវ៉ាន់ផ្សេងៗទៀតដើរចេញទៅ។ ឃើញសភាពបែបនេះ ខ្ញុំលែងមានអារម្មណ៍ឃ្លានទៀតហើយ។ ចំណែកឪពុករបស់ខ្ញុំគ្រវីក្បាលជាប់រហូត រួចពោលរអ៊ូតិចៗម្នាក់ឯងថា” សោកនាដកម្មបានមកដល់ហើយ ” យើងអង្គុយជុំគ្នាផ្ទាល់ដីក្នុងកូនខ្ទមតូចមួយដែលមានដំបូលប្រក់ស្បូវពុំមាននរណានិយាយអ្វីមួយម៉ាត់សោះឡើយ។ សំឡេងជួងបន្លឺឡើងសូរ ម៉ាង ម៉ាង ម៉ាង ខ្ញុំស្រឡាំងកាំងមួយសន្ទុះ ហាក់ច្រឡំនឹងរឿងអ្វីមួយធ្វើឱ្យឪពុកម្ដាយរបស់ខ្ញុំសើច ហើយលាន់មាត់ថា ” កូននេះប្រហែលច្រឡំស្មានតែជួងសាលារៀនហើយមើលទៅ ” ឮម្ដាយឪពុកនិយាយដូច្នោះខ្ញុំមានអារម្មណ៍ចង់អួលដើមកនឹកសាលា នឹកមិត្តភក្កិនឹកផ្ទះវីឡាដ៏ធំស្កឹមស្កៃ ថែមទាំងនឹកម្ហូបអាហារឆ្ងាញ់ៗ តែឥឡូវមកអង្គុយកម្សត់ទាំងអស់គ្នា។ ខ្ញុំចាប់ទាញដៃប្អូនបម្រុងដើរទៅរោងបាយ តែត្រូវបានម្ដាយរបស់ខ្ញុំប្រាប់ថា មិនទាន់ទេកូនចាំឮសំឡេងជួងបីដងសិន “។ ចប់សំដីម្ដាយរបស់ខ្ញុំ ជួងទី ២ ក៏បន្លឺឡើង អាប្អូនរបស់ខ្ញុំក៏និយាយទៅកាន់ម្ដាយខ្ញុំថា ” ដើរទៅតែម្ដងទៅម៉ាក់ ទម្រាំទៅដល់ គេវាយលើកទី៣ហើយ។ ខ្ញុំងាកទៅមើលមុខម្ដាយរបស់ខ្ញុំដើម្បីរង់ចាំទទួលចម្លើយពីគាត់ ប៉ុន្តែរំពេចនោះខ្ញុំបែរជាឃើញគាត់រលីងរលោងទឹកភ្នែកទៅវិញ ។

   ពេលនោះជួងលើកទីបីក៏បន្លឺឡើងល្មម ប្អូនរបស់ខ្ញុំចាប់ទាញដៃខ្ញុំដើរទៅទាំងទទឹងទទែង។ចំណែកឯម្ដាយឪពុករបស់ខ្ញុំដើរតាមក្រោយ ។ ទៅដល់រោងបាយ ខ្ញុំឃើញគេរៀបចានលើតុបីជួរយ៉ាងវែង ដោយមានរៀបចាន ៤និងមួយនៅចំកណ្ដាលដូចគ្នា។ចាស់ៗនាំគ្នាអង្គុយលើក្តារទម្រ។ ចំណែកខ្ញុំនិងប្អូនរបស់ខ្ញុំទាល់តែឡើងចោងលើក្តារទម្រនោះទើបអាចហូបបាន។ មនុស្សពីរនាក់សែងចានដែកធំមួយពេញដោយបបរក្តៅមានលាយចំណិតចេកខ្ចីផង ហើយម្នាក់ទៀតគឺជាអ្នកដួសដាក់ចានឲ្យមួយវែកៗមានឆៃប៉ូវហាន់យ៉ាងល្អិតៗប្រហែលពីរស្លាបព្រានៅក្នុងចានចំកណ្តាលតុសម្រាប់គ្នាបួននាក់។ខ្ញុំមិនចូលចិត្តបបរទេ ទោះបីមិនស្រួលខ្លួនម្ដងម្កាលក៏ខ្ញុំមិនដែលហូបបបរដែរ ប៉ុន្តែពេលនេះខ្ញុំឃ្លានខ្លាំងណាស់ដូច្នេះខ្ញុំត្រូវតែហូបហើយ។ គ្រាន់តែចាប់ផ្ដើមថ្ងៃដំបូងរស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមភ្លាម យើងត្រូវហូបបបរលាយចេកខ្ចីភ្លាម។ ខ្ញុំពិតជា មានអារម្មណ៍ថាពិបាកលេបណាស់ ហើយក្មេងៗដទៃទៀតយំមិនព្រមហូបឡើយ។ នៅពេលដែលខ្ញុំកំពុងតែប្រឹងលេប គេក៏សែងចានដែកបបរមកដល់ម្ដងទៀត។ ” មានអ្នកចង់ថែមបបរទេ?” អ្នកដួសបបរសួរ។ឪពុករបស់ខ្ញុំក៏ហុចចានទៅអ្នកដួសបបរជាមួយវាចាគាប់គួរថា “សុំថែមបន្តិចមកមិត្តបង” ។

   ហូបបបរហើយយើងទាំងអស់គ្នាក៏វិលត្រឡប់ទៅតាមកន្លែងរៀងៗខ្លួនវិញ។ ពេលនោះកងឈ្លបមិនទាន់ឲ្យប្រជាជនទាំងអស់ធ្វើអ្វីទេ។ លុះបីថ្ងៃក្រោយមកភាពនិរាសគ្នាក៏កើតមានឡើង។ ថ្ងៃរៀបនឹងអស់ស្តង្គតទៅហើយ សំឡេងកញ្ចែដ៏ចម្លែកមួយបានបន្លឺឡើងជាច្រើនដង។ រំពេចនោះក៏លេចកងឈ្លប មួយក្រុមដើរមកប្រាប់តាមផ្ទះឲ្យមនុស្សចាស់ៗទៅប្រជុំថា សមមិត្តទាំងអស់គ្នា យប់នេះអង្គការមានការប្រជុំជាប្រញាប់ ទៅនាំគ្នាទៅឲ្យលឿនឡើង។នៅពេលកងឈ្លបមកបង្ខំដល់ផ្ទះបែបនេះ ម្នាក់ៗពុំមាននរណាប្រកែកទេ។ ម្ដាយរបស់ខ្ញុំទាញយកក្រមាមួយមកទទូរក្បាលរួចងាកមកនិយាយថា ” នាំគ្នានៅផ្ទះកុំដើរចេញទៅណាណាកូនណាមើលប្អូនផងយប់ហើយខ្លាចពស់ ខ្លាចក្អែបឮទេ? ខ្ញុំក៏ឆ្លើយទៅគាត់វិញភ្លាមៗថា បានម៉ែខ្ញុំដឹងហើយ។

   ម្ដាយឪពុករបស់ខ្ញុំចេញទៅបាត់ ខ្ញុំ និងប្អូនៗនាំគ្នាអង្គុយចាំគាត់ត្រឡប់មកវិញ។ ខ្ញុំចាំយូរទៅៗក៏នាំប្អូនដេកលើគ្រែឫស្សីលក់បាត់ទៅ មិនដឹងគាត់ត្រឡប់មកវិញពេលណាទេ ស្រាប់តែឮគាត់ទាំងពីរនាក់និយាយថា ” មូសខាំស្លាប់ហើយពុទ្ធោអើយនាំបងប្អូនដេកលក់ចាំម្ដាយ ” ។

   គាត់និយាយបណ្ដើរទាញមុងចងឲ្យខ្ញុំបណ្ដើរ ។ រួចរាល់ហើយគាត់ចាប់ផ្ដើមជជែកគ្នាពីផែនការរបស់បដិវត្តន៍មហាលោតផ្លោះមហាអស្ចារ្យ និងសំដែងពីក្តីកង្វល់ដែលត្រូវឃ្លាតចាកចេញឆ្ងាយពីកូនៗ។ ខ្ញុំស្ដាប់ឮពីក្តីកង្វល់របស់គាត់ដេកមិនលក់ទេក៏ក្រោកឡើងសួរគាត់ភ្លាមថា ប៉ា ម៉ាក់ តើគេឲ្យប៉ាម៉ាក់ទៅណា? ម្ដាយរបស់ខ្ញុំក៏និយាយសំឡេងថ្នមៗ” ហ៊ឺ! យើងត្រូវបែកគ្នាហើយកូន ស្អែកកងឈ្លបឱ្យពុកនិងម៉ែទៅសមរភូមិមុខលែងបាននៅជាមួយកូនហើយ”  ម៉ែខំប្រាប់កងឈ្លបថាមានកូនតូចទៅណាមិនកើតទេ តែគេថាកូនឯងធំអាចមើលប្អូនបាន។ ខ្ញុំឮម្ដាយរបស់ខ្ញុំនិយាយដូច្នោះក៏មានការព្រួយបារម្ភនៅក្នុងចិត្តណាស់ព្រោះខ្ញុំមិនដែលបែកពីម្ដាយឪពុកម្ដងណាទេ ហើយក៏នឹកឆ្ងល់នឹងពាក្យដែលម្ដាយនិយាយថា (ពុកម៉ែ) ដែរ។ ម្តាយខ្ញុំបានប្រាប់ខ្ញុំថា ចាប់ពីពេលនេះតទៅកងឈ្លបឈប់ឱ្យហៅ ប៉ាម៉ាក់ទៀតហើយ កងឈ្លបឲ្យហៅពុកម៉ែជំនួសម្ដង ព្រោះពាក្យប៉ាម៉ាក់នេះជាពាក្យហៅរបស់វណ្ណៈសក្តិភូមិ និងនាយទុន ។

   ខ្ញុំនៅក្មេងសេចក្តីណាស់ពុំទាន់ដឹងអ្វីៗបានគ្រប់ជ្រុងជ្រោយនោះទេ តែខ្ញុំមានអារម្មណ៍ខឹងណាស់គ្រាន់តែខ្ញុំហៅប៉ាម៉ាក់ក៏មិនបាន រស់នៅជុំគ្នាក៏មិនបាន ហេតុអ្វីរបបនេះគេធ្វើដូច្នោះចំពោះយើង។ យប់នោះឪពុកម្ដាយរបស់ខ្ញុំ និងខ្ញុំពុំសូវបានដេកទេ។ គាត់ផ្ដាំផ្ញើខ្ញុំគ្រប់បែបយ៉ាងឲ្យមើលប្អូនមើលថែរក្សារបស់របរដែលគាត់លាក់ទុក។

គាត់ផ្ដែផ្ដាំខ្ញុំថា ម៉ែមិននៅមើលថែទាំប្អូន ពេលយប់ដាក់មុងឲ្យបានស្រួលបួលកុំឲ្យមូសខាំហើយនាំប្អូនដេកទៅ។ បើមានការអ្វីកូនទៅប្រាប់យាយនៅក្បែររោងបាយនោះឲ្យដឹងឮទេ!គាត់នឹងជួយផ្ដល់ដំណឹងឲ្យម៉ែ។ និយាយរួចម្ដាយរបស់ខ្ញុំលើកដៃមកអង្អែលក្បាលខ្ញុំតិចៗពោរពេញដោយមនោសញ្ចេតនារួចនិយាយបន្តទៀតថា កូនមាសម្ដាយ នេះជាបទបញ្ជារបស់អង្គការ ម៉ែមិនដឹងថាពេលណាមានឱកាសឲ្យម៉ែនិងពុកកូនត្រឡប់មកវិញទេ។ ម្ដាយរបស់ខ្ញុំនិយាយដល់ត្រង់នេះស្រាប់តែឪពុករបស់ខ្ញុំឃាត់ឈប់ឱ្យនិយាយ ព្រោះខ្លាចមានអ្នកស្ដាប់ឮអាចកើតជាទោសពៃ។ (នៅមានត)


ចែករំលែក៖