ខេត្តសៀមរាប៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នង ការដ្ឋាននគរបាលខេត្តសៀមរាប បានចេញសេចក្ដី ប្រកាសព័ត៌មានមួយ ជម្រាបជូន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook រួមទាំងសាធារណជនឱ្យបានជ្រាបថាកាលពីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ពិតជាមានមានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសកើតឡើងពិតប្រាកដមែន។
សេចក្ដីប្រកាសដដែលបានបញ្ជាក់ថា អង្គហេតុ គឺនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៩:០០នាទី ឈ្មោះ ផុន រក្សា (ជនរងគ្រោះ)ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្ត សៀមរាប បានទៅចូលរួមកម្មវិធីផឹកស៊ីនៅផ្ទះមិត្តភ័ក្ក ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (កន្លែងកើតហេតុ) ក្នុងកម្មវិធីនោះមានចាក់ភ្លេងកំដរ។
ក្នុងខណៈនោះឈ្មោះ ឯម ប៊ន (ជនសង្ស័យ) ដែលមាន នៅផ្ទះក្បែរគ្នា បានដើរសំដៅទៅកន្លែងផឹកស៊ីខាងលើ ហើយក៏មានការឈ្លោះប្រកែកគ្នាជាមួយឈ្មោះផុន រក្សា (ជនរងគ្រោះ)ពេលនោះឈ្មោះឯម បាវ ភេទប្រុស អាយុ ៧១ឆ្នាំ ដែលត្រូវជាឪពុករបស់ ឯម ប៊ន (ជនសង្ស័យ) បានដើរទៅឃាត់កូនរបស់ខ្លួន (ឈ្មោះ ឯម ប៊ន) ពេល នោះ ឈ្មោះ ឯម ប៊ន (ជនសង្ស័យ) មិនស្តាប់ការហាម ឃាត់របស់ឪពុក ហើយយកដៃខាងស្តាំរបស់ខ្លួនវ៉ៃទៅ លើការ៉ូថ្ម បណ្តាលឧ្យដាច់រលាត់ហូរឈាម ឃើញដូច្នេះ ឈ្មោះ ឯម បាវ ក៏បានដួលសន្លប់ទៅលើដីភ្លាមៗ ហើយ ឈ្មោះ ឯម ប៊ន (ជនសង្ស័យ) ក៏បានជួយធ្វើចលនាតែមិនកម្រើកក៏ត្រូវបងប្អូនជនសង្ស័យដឹកយកទៅសង្រ្គោះ បន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប តែត្រូវបានដាច់ ខ្យល់ស្លាប់តាមផ្លូវមុនទៅដល់មន្ទីរពេទ្យ។
ក្នុងស្ថានភាពនោះឯម ប៊ន (ជនសង្ស័យ)បានយំសោករៀបរាប់ដង្ហោយរកគេជួយ និងអាណិតឪពុក ខណៈ នោះឈ្មោះ ផុន រក្សា (ជនរងគ្រោះ) ឃើញស្ថានភាពបែបនោះ បានដើរចេញមកក្រៅផ្ទះ (ទីតាំងផឹកស៊ី) ក៏ត្រូវបាន ឈ្មោះ ឯម ង៉ែត (ជនសង្ស័យ) ដែលត្រូវជាប្អូនឈ្មោះ ឯម ប៊ន (ជនសង្ស័យ) បានរត់ដេញតាមឈ្មោះ ផុន រក្សា (ជនរងគ្រោះ) ដោយក្នុងដៃមានកាន់កាំបិត ក្នុងពេលនោះ ផុន រក្សា (ជនរងគ្រោះ) ក៏ដួល ហើយ ឈ្មោះ ឯម ង៉ែត (ជនសង្ស័យ) បានធ្វើសកម្មភាព កាប់ទៅលើឈ្មោះ ផុន រក្សា (ជនរងគ្រោះ) ជាច្រើនកាំបិត បណ្តាលឲ្យដាច់រយះកែងដៃខាងស្តាំ ជង្គង់ខាងស្តាំ និងខ្នង បណ្តាលឲ្យហូរឈាមជាខ្លាំង។
ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យឈ្មោះឯម ង៉ែត បានគេចខ្លួន ហើយជនសង្ស័យឈ្មោះ ឯម ប៊ន (ជនសង្ស័យ) ក៏បានដើរមករកជនរងគ្រោះ រួចក៏ធ្វើ សកម្មភាពទាត់ធាក់លើ ឈ្មោះ ផុន រក្សា (ជនរងគ្រោះ) បន្ថែមផងដែរ។
សេចក្ដីប្រកាសដដែលបានបន្តថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ ដោយយកឈ្មោះ ផុន រក្សា (ជនរងគ្រោះ) ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ហើយក៏បានឃាត់ជន សង្ស័យខាងលើទាំងពីរនាក់យកមកធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។ បន្ទាប់ពីសួរនាំជនសង្ស័យឈ្មោះ ឯម ង៉ែត (ជនសង្ស័យ) បានឆ្លើយសារភាពថាខ្លួន (ឈ្មោះ ឯម ង៉ែត) ពិតជាបានកាប់ទៅ លើឈ្មោះ ផុន រក្សា (ជនរងគ្រោះ) ដូចការរៀបរាប់ខាង លើពិតមែន ដោយមូលហេតុខ្លួន (ឈ្មោះ ឯម ង៉ែត) ស្មានថាឈ្មោះ ផុន រក្សា (ជនរងគ្រោះ) បានវ៉ៃបងរបស់ខ្លួនឈ្មោះ ឯម ប៊ន។ រីឯជនសង្ស័យឈ្មោះ ឯម ប៊ន ក៏ បានសារភាពថាខ្លួនពិតជាមានជម្លោះ និងទាត់ជនរង គ្រោះពិតមែន។
សេចក្ដីប្រកាសបានបន្ថែមឱ្យដឹងថា ករណីខាងលើនេះ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ (១-ឈ្មោះឯក ង៉ែត ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរលក់នំ មានស្រុកកំណើតនៅស្រុកកំពង់សោម ខេត្តព្រះសីហនុ បច្ចុប្បន្ននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប “ប្រវត្តិទោសគ្មាន” -២ ឈ្មោះឯម ប៊ន ភេទប្រុស អាយុ៤១ឆ្នាំមុខុរបរកម្មករ មានស្រុកកំណើតនៅ ស្រុកកំពង់សោម ខេត្តព្រះសីហនុ បច្ចុប្បន្ននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប “ប្រវត្តិទោសគ្មាន”) និងដក ហូតវត្ថុតាងមានកាំបិតកែច្នៃចំនួន០១ដើម ធ្វើអំពីដែកដងឈើ ប្រវែង៥២ស.ម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច