ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលបន្តវាយប្រហារតាមដែនអាកាសលើលីបង់ សម្លាប់មនុស្ស ១៣នាក់ នៅភាគខាងត្បូង

ចែករំលែក៖

អន្ដរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា ក្រុមមន្ត្រីសន្តិសុខលីបង់បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់ ខណៈអ៉ីស្រាអែលនៅតែបន្តធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមហេសបូឡា ហើយចលនាប្រដាប់ដោយអាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះអះអាងពីការវាយប្រហារជាថ្មីប្រឆាំងនឹងទាហានអ៉ីស្រាអែល ក្នុងតំបន់ភាគខាងត្បូងលីបង់។

ប្រព័ន្ធផ្សព្វផ្សាយលីបង់ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីសន្តិសុខ បានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង១៣នាក់ខាងលើ ក្នុងនោះរួមមាន៩នាក់ត្រូវបានសម្លាប់ក្នុងភូមិ Dayr Debba ស្ថិតនៅចម្ងាយ៨គីឡូម៉ែត្រពីភាគខាងកើតនៃទីក្រុង Tyre។ អស់រយៈពេលជាង៣ខែមកនេះ ពោលគឺចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់បានបង្កជាជម្លោះនៅទូទាំងតំបន់មជ្ឈិមបូព៌ា ហើយលីបង់នៅតែបន្តជាសមរភូមិមុខដ៏សំខាន់មួយក្នុងសង្រ្គាម។

សង្រ្គាមនៅលីបង់បានឡើងកម្ដៅកាន់តែខ្លាំងកាលពីដើមសប្ដាហ៍កន្លងទៅនេះ នៅពេលអ៉ីស្រាអែលបើកការវាយប្រហារលើភាគខាងត្បូងជាយទីក្រុងបេរូតស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រុមហេសបូឡា ជាហេតុជំរុញឱ្យអ៉ីរ៉ងបើកការវាយប្រហារលើអ៉ីស្រាអែល ហើយអ៉ីស្រាអែលសងសឹកវិញមុនប្រទេសទាំង២បញ្ឈប់ការវាយប្រហារដាក់គ្នា។

បើតាមក្រសួងសុខាភិបាលលីបង់ មនុស្សជិត ៣៧០០នាក់ត្រូវបានសម្លាប់ក្នុងប្រទេសលីបង់ដោយសារការវាយប្រហាររបស់អ៉ីស្រាអែលចាប់តាំងពីថ្ងៃទី២ ខែមីនាមក ក្នុងនោះមាន ២៧៣០នាក់ជាស្ត្រី កុមារ និងបុគ្គលិកសុខាភិបាល ខណៈប្រជាជនលីបង់ជាង ១,២លាននាក់បានក្លាយជាជនភៀសសឹក៕

ដោយ៖ធីរីណា


ចែករំលែក៖