ព័ត៌មានទាន់ហេតុការណ៍៖

ទំនិញខូចគុណភាពប៉ះពាល់សុខភាពជិត២តោនត្រូវបានមន្រ្តីជំនាញកាំកុងត្រូដុតកម្ទេចចោលបញ្ចៀសបញ្ហាគ្រោះថ្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖  ទំនិញខូចគុណភាព និងផលិតម្ហូបអាហារហាមឃាត់ខុសច្បាប់បង្កគ្រោះថ្នាក់សុខភាពសរុបជិត២តោន ត្រូវបាន មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យបានធ្វើពិធីដុតកំទេចចោលដើម្បីបញ្ចៀស បញ្ហាផលប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋ ។

ទំនិញនិងផលិតផលម្ហូបអាហារដែលដុតកំទេចចោលនៅពេលនេះក្រោយពីមន្រ្តីជំនាញសាខាកាំកុងត្រូលខេត្ត ក្រោមការដឹកនាំដោយលោក ស៊ាន ស៊ីណាត ប្រធាសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំង មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត ដកហូតពីទីផ្សារនានានៅក្នុងខេត្តបន្ទាយមានជ័យគ្រាដែលមន្រ្តីជំនាញចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលអាជីវករបានដាក់លក់នៅលើទីផ្សារនោះ ។

ពិធីដុតកំទេចចោលទំនិញគ្មានសុវត្ថិភាពខាងលើបានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការចូលរួមពីឯកឧត្តម ប៉ាន សូរសក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ក្នុងនោះក៏មានការចូលរួម ពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និង លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យផងដែរ។

ក្នុងឱកាសនោះ លោក ប៉ាន សូរសក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ក៏បានលើកឡើង និងជម្រុញឱ្យមន្រ្តីកាំកុងត្រូលបន្តចុះមានវិធានការបង្ការទប់ស្កាត់ទំនិញខូចគុណភាពនិង ទំនិញគ្មានសុវត្ថិភាព ឱ្យបានម៉ឺងម៉ាត់បំផុត ទប់ស្កាត់ទាំងនៅមាត់ច្រកព្រំដែន និងនៅលើទីផ្សារដោយរួមគ្នាធ្វើសកម្មភាពឱ្យបានព្រមគ្នាដើម្បីការពារសុខភាពសុវត្ថិភាពជូនដល់ពលរដ្ឋ។

លោករដ្ឋមន្រ្តីបានមានប្រសាន៍ទៀតថា បញ្ហាទំនិញខូចគុណភាព និងផលិតម្ហូបអាហារមានផ្ទុកសារធាតុគីមីជាដើម បច្ចុប្បន្នជាក្តីបារម្ភរបស់ប្រជាពលរដ្ឋ ក្រសួងពាណិជ្ជកម្ម ក៏ត្រៀមមានរថយន្តចល័តបំពាក់ឧបករណ៍បច្ចេកទេសពិនិត្យទៅលើទំនិញគ្មានសុវត្ថិភាព ជាពិសេសទំនិញផ្ទុកសាធារគីមី បង្កគ្រោះថ្នាក់សុខភាពធ្ងន់ ទៅដល់ទីតាំងតែម្តង ដើម្បីងាយស្រួលសម្រាប់មន្ត្រីជំនាញបំពេញកិច្ចការងារត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ កាន់តែមានភាពងាយស្រួល ។

សូមរំលឹកថាកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការដ្ឋាននគរបាលខេត្តបានបើកយុទ្ធនាការចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពផលិតផលម្ហូបអាហារទៅលើតូបលក់ណែមត្រីជិត១០តូបនៅចំណុចក្បាលស្ពានទឹកថ្លាកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទឹកថ្លាក្រុងសិរីសោភ័ណដោយ មន្រ្តីជំនាញប្រើប្រាស់តេស្តទីត ទៅលើណែមត្រី ដាក់លក់នៅក្បាលស្ពានទឹកថ្លា រកឃើញវត្តមានសារធាតុគីមីបូរ៉ាក់ហាមឃាត់ខុសច្បាប់ បង្កប៉ះពាល់សុខភាពធ្ងន់ដល់អ្នកបរិភោគ ចំនួនជាង១០០គីឡូក្រាម ។

ណែមត្រីដែលមន្រ្តីជំនាញពិនិត្យឃើញមានផ្ទុកសារធាតុគីមីជាង១០០គីឡូក្រាម ក៏ត្រូវដកហូតយកមករក្សាទុកដើម្បីកំទេចចោលនៅពេលេះផងដែរ ៕ សំ វិច្ឆិកា

 

IMG_0371 IMG_0369 IMG_0367 IMG_0374


ចែករំលែក៖