ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយសារភាពថា ខ្លួនពិតជាបានបំពានផ្លូវភេទលើកុមារីម្នាក់ នៅស្រុកស្ទឹងត្រង់

ចែករំលែក៖

ខេត្តកំពង់ចាម៖ បើតាមរបាយការណ៍ របស់លោក បាន ស្រេង អភិបាល នៃគណៈអភិបាល ស្រុកស្ទឹងត្រង់  បានរាយការណ៍ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ថា ៖ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០២៤ កន្លងទៅ អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានទទួលពាក្យបណ្តឹង ១ដោយប្តឹងឈ្មោះ សាំង ធារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ថាបានរំលោភសេពសន្ថវៈទៅលើចៅស្រី របស់គាត់ ឈ្មោះ ជ ក ញ អាយុ ១៧ឆ្នាំ ។

លោកអភិបាល ស្រុកស្ទឹងត្រង់ ឲ្យដឹងដែរថា ក្រោយទទួលបានសេចក្តីរាយការណ៍ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ សហការជាមួយ ការិយាល័យប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បាននាំខ្លួន ឈ្មោះ សាំង ធារ៉ា មកសាកសួរ និងបានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈ ទៅលើ ឈ្មោះ ជ ក ញ ពិតប្រាកដមែន ។ 

ដោយមានការសម្របសម្រួល និងបញ្ជាពី លោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម សមត្ថកិច្ច បានឃាត់ខ្លួន ឈ្មោះ សាំង ធារ៉ា ពីបទរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ ដែលបានប្រព្រឹត្តនៅចំណុចភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

ដោយ៖ សូរិយា


ចែករំលែក៖