ខេត្តស្ទឹងត្រែង ៖ យោងតាមរបាយការណ៍ របស់លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ដោយគិត ចាប់ពីថ្ងៃទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរជាតិ អន្តរជាតិនិងប្រជាពលរដ្ឋក្នុងខេត្តមកកម្សាន្តសប្បាយចំនួន១៤.២១១នាក់ បើប្រៀបធៀបទៅឆ្នាំ២០២៤ មានការកើនឡើងចំនួន៦,៩៨១នាក់ ស្មើនិង ៩៧%. ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន១៤,១៤៣ នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ កើនឡើង ៦,៩២៩ នាក់ស្មើនិង ៩៦%ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៦៨ នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ កើនឡើង ចំនួន៥២ នាក់ ស្មើនឹង ៣២៥ % ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យឆ្លងឆ្នាំសកលនេះ សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារនិងសេវាកម្មដឹកជញ្ជូនភ្ញៀវ ពុំមានការតំឡើងថ្លៃគួរអោយកត់សំគាល់។លោកថា ក្រោមការដឹកនាំរៀបចំដោយឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈខេត្តស្ទឹងត្រែង បានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំឲ្យមានសោភ័ណភាពទីប្រជុំជន ទីក្រុង និងតាមបណ្ដាក្រុងស្រុកទាំងអស់ក្នុងខេត្តស្ទឹងត្រែង ដោយមានការរៀបចំភ្លើងបំភ្លឺទីសាធារណៈ តាមបណ្តាអង្គភាពរបស់រដ្ឋ និងវិស័យឯកជន ដើម្បីលើកស្ទួយ សោភ័ណភាពទីក្រុង ក្នុងការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានមកទស្សនាខេត្តស្ទឹងត្រែង។
ជាពិសេសតាមតំបន់រមណីយដ្ឋានមានការគ្រប់គ្រងបរិស្ថាន សណ្តាប់ធ្នាប់ បានល្អប្រសើរ៕
ដោយ៖ ស សម