ក្លិបបិសាចក្រហម Manchester United បានដាក់សំណើចរចានាំយកខ្សែការពារកណ្តាល Nuno Mendes ដែលបច្ចុប្បន្នជឿជាក់ថា កំពុងត្រៀមខ្លួនចាកចេញពីក្លិបលីកកំពូលរបស់បារាំង Paris Saint Germain។
ក្លិបបិសាចក្រហម កំពុងមានបញ្ហាទម្រង់លេងយ៉ាងអន់ដោយសារតែងតែរបូតគ្រាប់បាល់ និងបរាជ័យជារឿយៗ។ ក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Ruben Amorim ឥឡូវនេះបានចាញ់ការប្រកួតជាច្រើនជាពិសេសបន្ទាប់ពីការបរាជ័យ ២-០ របស់ពួកគេក្រោមថ្វីជើងក្រុម Wolverhampton នៅថ្ងៃ Boxing Day។
បញ្ហារបួសកីឡាករក៏ច្រើនដែរ ក្នុងនោះរួមមានទាំង Luke Shaw និង Malacia ផងធ្វើឱ្យលោក Ruben Amorim ហាក់មិនមានជម្រើសច្រើនឡើយ។ ដូច្នេះគ្រូបង្វឹកជនជាតិព័រទុយហ្គាល់ពិតជាចង់បន្ថែមកីឡាករថ្មីក្នុងក្រុមនៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។
នៅក្នុងនោះសារព័ត៌មាន Goal.com បានផ្សាយថា Man Utd បានធ្វើការដាក់សំណើចរចានាំយកខ្សែការពារ Nuno Mendes របស់ Paris Saint Germain ដែលមានតម្លៃប្រមាណ៥០លានផោន។
ក្លិប Paris Saint Germain ពិតជាចង់រក្សាទុកកីឡាករព័រទុយហ្កាល់រូបនេះដោយត្រៀមផ្តល់កិច្ចសន្យាថ្មី ប៉ុន្តែសាមីខ្លួនបានបង្ហាញបំណងច្បាស់ៗថា មិនចង់លេងនៅកីឡដ្ឋាន Parc des Princes ទៀតទេ។
Nuno Mendes មានការជឿថា បា្រក់ឈ្នួលដែលគេទទួលបានពី Paris Saint Germain គឺមិនសមស្របនឹងការចង់បាន រួមទាំងសមត្ថភាព ដូច្នេះហើយទើបជ្រើសរើសចង់ចាកចេញ។ដំណឹងនេះបានធ្វើឲ្យកីឡាករវ័យ២២ឆ្នាំរូបនេះក្លាយជាគោលដៅរបស់ក្លិបធំៗជាច្រើននៅអឺរ៉ុប ប៉ុន្តែមានតែ Man Utd ដែលបានដាក់សំណើចរចាមុនគេ ហើយសំណើរបស់ក្លិបនេះក៏បានទាក់ចិត្តរបស់ Nuno Mendes ដែរ ដែលគេជឿថា កីឡាកររូបនេះមានភាគរយខ្ពស់ក្នុងការចូលរួមជាមួយ Man Utd ៕
ដោយ ភារៈ(រូបភាព ៖ goal.com)