ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ចំនួន៥ម៉ឺនរៀល និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ចំនួន៥ម៉ឺនរៀលក្នុងម្នាក់ជូនដល់មន្រ្តីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្រ្តីនគរបាលជាតិកម្ពុជា មន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ មន្រ្តីរាជការនៃអាជ្ញាធរសវនកម្មជាតិ មន្រ្តីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្រ្តីខុទ្ទកាល័យ ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្រ្តីដែលមានឋានៈស្មើដូចមានកំណត់ក្នុងព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្រ្តីដែលមានឋានៈស្មើ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្រ្តីនៃការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែត ដែលកំពុងបម្រើការងារនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនបាត់បង់ សមត្ថភាពការងារ និងជនពិការដែលជាអតីតមន្រ្តីរាជការស៊ីវិល អតីតយោធិននៃកងយោធពលខេមរភូមិន្ទនិងអតីតមន្រ្តីនគរបាលជាតិកម្ពុជា។
យោងតាមអនុក្រឹត្យដដែលនោះដែរ បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នសាមី ត្រូវសហការនិងចាត់ចែងរៀបចំការបើកផ្តល់ជាបុរេប្រទានសម្រាប់ប្រាក់ឧបត្ថម្ភក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីដំណាលជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សប្រចាំខែមេសា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សប្រចាំខែកញ្ញា តែមួយលើកឱ្យបាន ដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតមុនថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥៕
ដោយ ៖ សិលា