ព័ត៌មានទាន់ហេតុការណ៍៖

យានយន្តឆ្លងកាត់គោលដៅត្រួតពិនិត្យជាតិស្រវឹងនៅខណ្ឌច្បារអំពៅចំនួន ៥៦គ្រឿង មានយានយន្តល្មើសជាតិស្រវឹង ០៥គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងហោចណាស់យានយន្តល្មើសជាតិស្រវឹងមានចំនួន ០៥គ្រឿង ក្នុងចំណោមយានយន្តចំនួន ៥៦គ្រឿង ដែលបានធ្វើដំណើរឆ្លងកាត់គោលដៅត្រួតពិនិត្យជាតិស្រវឹងនៅយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានសហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តចុះដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រួតពិនិត្យជាតិស្រវឹងនៅវេលាម៉ោង២៣ និង០០នាទីយប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ដល់ម៉ោង០២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្បែរស្ពានខ្សែកាបកោះនរា ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលមានកម្លាំងចូលរួមសរុបចំនួន ៣២នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ បេង ចាន់ដារ៉ា ស្នងការរង និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ។

របាយការណ៍បញ្ជាក់បន្ថែមថា ៖ លទ្ធផលនៃកិច្ចសហប្រតិបត្តិការ មានយានយន្តឆ្លងកាត់គោលដៅមានចំនួន ៥៦គ្រឿង ក្នុងនោះយានយន្តល្មើសជាតិស្រវឹង ០៥គ្រឿង (ជាអ្នកបើករថយន្ត) ល្មើសជាតិអាកុលកម្រិត ០.២៥ដល់០.៣៩ mg/L សរុបមានចំនួន ០៣នាក់ ជាអ្នកបើកបរម៉ូតូ។

របាយការណ៍ខណ្ឌច្បារអំពៅក៏បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ៖ វិធានការអប់រំអ្នកបើកបរមានចំនួន ០៥នាក់ ជាអ្នកបើកបររថយន្តដែលមានជាតិអាកុលក្រោម ០.២៥mg/L។

ជាមួយគ្នានេះផងដែរលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលច្បារអំពៅ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយនឹងក្រុមសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹងនៅតាមបណ្តាគោលដៅ ប្រយោជន៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

ដោយ៖ តារា


ចែករំលែក៖