ព័ត៌មានទាន់ហេតុការណ៍៖

ពុទ្ធោ​អើយ! រថយន្ត​ឡិចស៊ីស​ម៉ាក RX300​ មួយគ្រឿង​បើកបុកពីក្រោយរថយន្ដដឹកទំនិញលេីផ្លូវ​ល្បឿនលឿនPK39​ បណ្ដាលឱ្យមនុស្ស​២នាក់ស្លាប់និងរបួស​ធ្ងន់ម្នាក់

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានឱ្យដឹងថា​ រថយន្ត​ឡិចស៊ីស​ម៉ាក RX300​ មួយគ្រឿង​បើកបុកពីក្រោយរថយន្ដដឹកទំនិញលេីផ្លូវ​ល្បឿនលឿនPK39​ បណ្ដាលឱ្យស្លាប់០២នាក់និងរបួស​ម្នាក់​ កាលពីថ្ងៃទី៣ ខែមក​រា ឆ្នាំ២​០​២៥ វេលាម៉ោ​ង ៣និង ៤៥​នាទី​ទៀបភ្លឺ​ លើកំណាត់ផ្លូវល្បឿ​នលឿ​ន K39​+20​0 ទិសដៅព្រះសីហនុ​ទៅភ្នំពេញត្រង់ចំណុចភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំ​ព​ង់​ស្ពឺ ។ 

ប្រភពដដែលបន្តថា​ រថយន្ត ១គ្រឿ​ង ម៉ាកឡិចស៊ីស RX​3​0​0 ពណ៌ស ពាក់ផ្លាក​លេខបាត់ដំបង 2B-3816 អ្នកបើ​ក​បរឈ្មោះ លី ហ៊ូវ ភេទប្រុស អាយុ ៤០ឆ្នាំ (ស្លាប់) នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្ដតាកែវ ដោយមានអ្នករួមដំណើរ​ជា​មួយចំនួន​២​នាក់៖

     ១-ឈ្មោះ​ YIN CHAOYANG ភេទប្រុស ជនជាតិចិន (ស្លាប់)

     ២-ឈ្មោះ​ DING YUMEI ភេទ​ស្រី ជនជាតិចិន (របួសធ្ងន់) កំពុងសង្រ្គោះបន្ទាន់។ 

យោងតាមកាមេរាសុវត្ថិភាពទិន្នន័យផ្ដល់ដោយក្រុម​ហ៊ុន​ផ្លូវល្បឿនលឿន​ រថ​យ​ន្ត​បើកបរពីទិសខាងលិច​ មកពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅទិសខាងកើត រាជធានី​ ភ្នំពេញ​ លុះមកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ដដឹកទំនិញ​ ០១គ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៌​ស​ ពាក់ផ្លាកលេខភ្នំពេញ 3D​-7588 មិនស្គាល់អត្តស​ញ្ញាណអ្នកបើកបរ (ក្រោយហេតុ​ការណ៍​បានចុះរត់គេចខ្លួន)​ ​កំ​ពុងបើ​កបរស្របទិសគ្នា ។ 

សមត្ថកិច្ច​នគរបាល​ប្រចាំការ​ផ្លូវ​ល្បឿនលឿន​បានសហកា​រ​ជាមួយកំលាំង​ជំនាញ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំ​រោ​ង​ទង​ ធ្វើ​ការវាស់វែងអន្ដរាគមន៍ជួយសង្រ្គោះនិងបញ្ជូនជន​រងគ្រោះទៅមន្ទីរពេទ្យ​ រីឯ​សពបានតំកល់ទុកនៅមន្ទីរពេ​ទ្យបង្អែកខេត្តកំពង់ស្ពឺ​ រង់ចាំ​ក្រុម​គ្រួ​សារ​មកទទួល​យកទៅធ្វេីបុណ្យ។ 

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បានធ្វេីការ​ស្ទួច​យករថ យន្ដបង្កគ្រោះថ្នាក់​ទាំ​ង​ ២គ្រឿង មករក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលត្រពាំងគង អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ ដើម្បី​ចំណាត់ការ​នីតិវិធី​បន្ដ​៕

ដោយ​៖ តារា​


ចែករំលែក៖