មួយថ្ងៃៗកន្លងផុតទៅលឿនណាស់ រាល់ព្រឹករាល់ល្ងាចខ្ញុំតែងសម្លឹងទៅកាន់ជើងមេឃដែលមានពណ៌ស្រស់ស្អាតគាប់ភ្នែក។ វាប្រៀបបានទៅនឹងទីដែលមានសេរីភាព ព្រោះអ្នកណាក៏ដឹងដែរថា ទីនេះប្រៀបបានដូចឋាននរក។ ខ្ញុំមិនចង់រស់នៅក្នុងសភាពបែបនេះទៀតទេ។ កាលពីមិនទាន់មានរបបខ្មែរក្រហម គ្រួសាររបស់ខ្ញុំរស់នៅពោរពេញទៅដោយស្នាមញញឹម មានការហូបចុកគ្រប់គ្រាន់ មិនមែនត្រូវអត់ឃ្លាននិងធ្វើការលំបាករាល់យប់រាល់ថ្ងៃបែបនេះនោះទេ។ ល្ងាចនេះនៅពេលដែលខ្ញុំត្រឡប់មកផ្ទះវិញជាមួយកងកុមារក្នុងភូមិ ខ្ញុំបានជួបម៉ែដែលទើបមកពីដកស្ទូងដោយចៃដន្យនៅលើផ្លូវប្រឡាយ។ខ្ញុំ និងម៉ែមិនសូវមានពេលបានដើរជាមួយគ្នាត្រឡប់ទៅខ្ទមតូចរបស់យើងឡើយ។ ខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេលដែលខ្ញុំបានដើរត្រឡប់ទៅផ្ទះវិញជាមួយនឹងម៉ែ។ ខ្ញុំសម្លឹងឃើញក្តាមខ្យងនៅតាមភ្លឺស្រែជាច្រើនប៉ុន្តែខ្ញុំមិនអាចចាប់យកបានទេ។ មិនយូរប៉ុន្មានខ្ញុំនឹងម៉ែបានដើរទៅដល់ខ្ទមមនុស្សមួយក្រុម។កំពុងតែបំផ្លាញដំណាំនៅជុំវិញខ្ទមរបស់យើងហើយនិយាយថា ដកទៅដំណាំផ្លែឈើជុំវិញផ្ទះនេះហើយដែលវាលួចស៊ីព្រឹកល្ងាចអញ្ចឹងតើបានគ្រួសារវាហ្នឹងធាត់ប្លែកខុសគេខុសឯង។នេះគឺជាសម្ដីរបស់មិត្តរឿនកំពុងតែបញ្ជាឲ្យកូនចៅរបស់គាត់ប៉ុន្មាននាក់ទៀតដកដំណាំដែលដុះជុំវិញខ្ទមតូចរបស់ខ្ញុំ។ ម៉ែ និង ខ្ញុំមិនមាត់អីទេព្រោះខ្លាចគេចោទថាយើងជាខ្មាំង។ យើងបានត្រឹមតែឈរមើលពួកគេបំផ្លាញដំណាំហូបចុកទាំងអស់។គ្រួសាររបស់ខ្ញុំមិនដែលហ៊ានបេះហូបនោះទេព្រោះយើងដឹងថា ប្រសិនបើយើងហ៊ានតែបេះដំណាំនោះហូប យើងនឹងត្រូវគេចាប់យកទៅកសាង ឬក៏យកទៅរៀនសូត្រជាមិនខានឡើយ។
ក្រោយមក អង្គការបានចាត់តាំងខ្ញុំឲ្យទៅធ្វើការងារនៅក្នុងកងចល័តកុមារដែលស្ថិតនៅឆ្ងាយពីផ្ទះវិញម្ដង។ រយៈពេលប្រហែល 2 ឬបីខែម្ដង ទើបអង្គការអនុញ្ញាតឱ្យខ្ញុំបានត្រឡប់មកលេងផ្ទះ។ ខ្ញុំនឹកម៉ែណាស់ ប៉ុន្តែខ្ញុំត្រូវតែស៊ូទ្រាំកុមារជាច្រើនអ្នកទៀតក៏ស្ថិតក្នុងស្ថានភាពដូចខ្ញុំដែរ។ នៅក្នុងកងចល័តអង្គការ បានឲ្យខ្ញុំដាំបន្លែ និងមើលថែជ្រូក។ ជួនពេលខ្លះខ្ញុំលួចខ្ជិលមិនចង់ធ្វើការងារទេព្រោះខ្ញុំហត់នឿយណាស់។ ខ្ញុំធ្វើការហួសកម្លាំងស្ទើរតែបោះជំហានដើរទៅមុខមិនរួចផង។ ប្រធានកងបានវាយធ្វើបាបខ្ញុំដោយរំពាត់ផ្ដៅជាច្រើនលើកច្រើនសា រហូតដល់ខ្ញុំមានដំបៅលើសាច់ពេញខ្លួន។ ខ្ញុំខ្លាចណាស់ស្ទើរតែឆ្កួតម្ដងៗទៅហើយ។ ថ្ងៃមួយខ្ញុំបានលួចរត់ទាំងយប់ត្រឡប់មកផ្ទះវិញ។ ខ្ញុំហ៊ានធ្វើដូច្នេះព្រោះខ្ញុំគិតថាប្រសិនបើខ្ញុំបន្តរស់នៅក្នុងកងកុមារតទៅទៀត គឺរង់ចាំតែថ្ងៃស្លាប់ ហើយប្រសិនបើខ្ញុំរត់ទៅផ្ទះវិញខ្ញុំក៏ស្លាប់ដែរ ប៉ុន្តែខ្ញុំបានជួបមុខម៉ែ។ ខ្ញុំមិនសូវស្គាល់ផ្លូវរត់មកផ្ទះនោះទេ ប៉ុន្តែចុងក្រោយខ្ញុំបានរត់មកដល់ផ្ទះមែន។ ខ្ញុំបានបង្ហើបមាត់ទ្វារតិចៗចូលក្នុងផ្ទះ។ ខ្ញុំឃើញម៉ែកំពុងតែសម្រាន្តនៅលើកន្ទេលស្លឹកត្នោតចាស់។ ខ្ញុំនឹកម៉ែណាស់ទើបរត់ទៅដាស់ម៉ែដោយសំឡេងតិចៗថា ” ម៉ែ…ម៉ែគឺកូន គឺកូនស្មីនោះអី! ម៉ែរបស់ខ្ញុំភ្ញាក់រួចស្រវាឱបខ្ញុំជាប់នៅក្នុងដើមទ្រូងរបស់គាត់។ ខ្ញុំដឹងតែរឿងម្យ៉ាងគត់ថាពេលដែលខ្ញុំបាននៅក្បែរម៉ែគឺខ្ញុំកក់ក្តៅណាស់ ប្រសិនបើខ្ញុំស្លាប់ក៏ស្លាប់ទៅចុះ សំខាន់ដង្ហើមចុងក្រោយរបស់ខ្ញុំបាននៅក្បែរម៉ែ។ ” ម៉េចបានកូនមកផ្ទះទាំងកណ្ដាលយប់អ៊ីចឹងកូន? កូនទើបតែត្រឡប់ទៅវិញបានជិតមួយខែសោះ ឬកូនលួចរត់មកផ្ទះ? ម៉ែនិយាយផង យកដៃអង្អែលសក់ក្បាលរបស់ខ្ញុំផង។ ម៉ែបានឃើញស្នាមរបួសដោយសារតែត្រូវវាយដោយរំពាត់នៅលើដៃរបស់ខ្ញុំ ទើបភ្លាមៗនោះគាត់បានប្រញាប់ឲ្យខ្ញុំដោះអាវឲ្យគាត់មើល។ ទឹកភ្នែករបស់ម៉ែហូរដូចទឹកភ្លៀង ព្រោះខ្លោចចិត្តពេលឃើញខ្ញុំមានស្នាមរបួសពាសពេញខ្លួនបែបនេះ។ ខ្ញុំបានប្រាប់រឿងគ្រប់យ៉ាងទៅកាន់ម៉ែទាំងទឹកភ្នែកថា កូនពិបាកណាស់ម៉ែ ការងារទាំងអស់មិនសមស្របជាមួយនឹងកម្លាំងរបស់កូនទេ កូនភ័យ កូនខ្លាចណាស់ម៉ែ! តើម៉ែអាចជួយសុំមិត្តរឿនឲ្យកូនបានមកនៅផ្ទះវិញផងបានទេ?” តែកូនធ្វើបែបនេះមិនខុសពីក្បត់អង្គការនោះទេថ្ងៃស្អែកកូនត្រូវត្រឡប់ទៅវិញ ឬនៅ?” ម៉ែខ្លាចអង្គការចាត់ទុកកូនជាខ្មាំង នោះកូនច្បាស់ជាមានរឿងធំជាមិនខាន។ បើកូនអាណិតម៉ែ ស្អែកកូនត្រូវត្រឡប់ទៅវិញ ចាំម៉ែទៅសុំមិត្តរឿនឲ្យ។ ម៉ែព្យាយាមលួងលោមអង្វរខ្ញុំព្រោះតែគាត់មិនចង់ឱ្យខ្ញុំមានបញ្ហា។ ខ្ញុំបានងក់ក្បាលជាសញ្ញាមួយបង្ហាញថាខ្ញុំព្រមតាមគាត់ប្រាប់។ តាំងពីដើមមកម៉ែរបស់ខ្ញុំមិនដែលកុហកខ្ញុំទេ ម៉ែតែងតែចង់ឲ្យខ្ញុំល្អដូច្នេះខ្ញុំត្រូវតែព្យាយាមឲ្យអស់ពីលទ្ធភាព។
មេឃនៅងងឹតនៅឡើយ ប៉ុន្តែម៉ែបានដាស់ខ្ញុំឲ្យក្រោកឡើង។ ខ្ញុំឆ្ងល់ណាស់ហេតុអ្វីបានជាម៉ែដាស់ខ្ញុំទាំងព្រឹកព្រហាមបែបនេះ ។ ខ្ញុំលើកដៃញីភ្នែករួចសួរទៅម៉ែថាមានរឿងអ្វីទៅម៉ែ ហេតុអ្វីបានជាឆាប់ដាស់កូនបែបនេះ? ឆាប់ក្រោកមកកូនកូនត្រូវទៅផ្ទះមេភូមិជាមួយម៉ែឥឡូវនេះភ្លាមព្រោះបើចាំថ្ងៃរះយើងច្បាស់ជាមានរឿងទាំងគ្រួសារមិនខានទេ កូនបានរត់ចេញពីកងចល័តកុមារនៅស្រុកនោះ អង្គការច្បាស់ជាតាមរកកូនជាមិនខាន។ ពេលម៉ែនិយាយចប់ភ្លាមគាត់បានដឹកដៃរបស់ខ្ញុំដែលទើបតែភ្ញាក់ពីដេកទាំងមមីមមើដើរចេញពីផ្ទះ ស្រាប់តែមានសំឡេងស្រែកឡើងថា មិត្តឯងចិត្តធំណាស់ ហ៊ានរត់ចេញពីកងចល័តកុមារទាំងយប់ប្រហែលចង់ទៅរៀនសូត្រហើយមើលទៅ។ពាក្យសម្ដីរបស់មិត្តរឿនហាក់ដូចជាផ្លែដាវមកចាក់ចំកណ្ដាលទ្រូងខ្ញុំ។
ចំណែកម្ដាយរបស់ខ្ញុំវិញបានក្រាបលូនលន់តួមិត្តរឿនឲ្យលើកលែងទោសឲ្យខ្ញុំ។ម៉ែរបស់ខ្ញុំបានក្រាបសំពះបាតជើងមិត្តរឿន។ រូបភាពដែលខ្ញុំចងចាំជាងគេគឺជើងមិត្តរឿនបានយកមកជាន់ក្បាលម៉ែរបស់ខ្ញុំដែលកំពុងតែក្រាបសំពះ រួចមិត្តរឿនបាននិយាយផ្លែផ្កាពាក្យសំដីជាច្រើនមុនពេលចាប់ដៃខ្ញុំចងស្លាបសេកបញ្ជូនទៅកងចល័តកុមារវិញ។ (នៅមានត)