ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបន្ទាយមានជ័យ ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ថ្លែងក្នុងឱកាសពិធីកាត់វិញ្ញាសាប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រីទោឯក មណ្ឌលប្រឡងខេត្តបន្ទាយមានជ័យ នៅវិទ្យាល័យ សិរីសោភ័ណ នៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៥ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន ហើយបាននិងកំពុងខិតខំប្រឹងប្រែងបន្ត លើកតម្កើងសាលាបាលី ឱ្យរីកដុះដាលបន្ថែមទៀត។ 

លោក បន្តថា នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញកម្មវិធីនយោបាយនូវការអភិរក្ស និងការអភិវឌ្ឍវិស័យសាសនា បន្តពង្រឹង និងការពង្រីកការអប់រំពុទ្ធិកសិក្សា ថែរក្សាមរតកប្រពៃណី និងទំនៀមទម្លាប់ក្នុងវិស័យពុទ្ធចក្រ, បណ្តុះបណ្តាលធនធានព្រះសង្ឃប្រកបដោយចំណេះដឹង និងគុណធម៌ ប្រកាន់វិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានបញ្ជាក់ឱ្យដឹងថា ការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោឯក សម្រាប់ដំណាច់ឆ្នាំសិក្សា២០២៤-២០២៥ នៅមណ្ឌលប្រឡងសាលាវិទ្យាល័យសិរីសោភ័ណ មានបេក្ខសមណៈ-បេក្ខជន ដែលបានដាក់ពាក្យសុំប្រឡងវិញ្ញាបនបត្រធម្មវិន័យ សរុបចំនួន ១៦៨៤ អង្គ/នាក់ និងបែងចែកជាបន្ទប់មានចំនួន ៦៨ បន្ទប់ ក្នុងនោះ ថ្នាក់ត្រី មាន ៤១ បន្ទប់ សមណសិស្ស-សិស្ស ចំនួន ១០២៥ អង្គ/នាក់, ថ្នាក់ទោ មាន ១៧ បន្ទប់ សមណសិស្ស-សិស្ស ចំនួន ៤០៨ អង្គ/នាក់, ថ្នាក់ឯក មាន ១០ បន្ទប់ សមណសិស្ស-សិស្សចំនួន ២៥១ អង្គ/នាក់។ 

ក្នុងឱកាសនោះដែរ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងលោកស្រី ក៏បានជួយឧបត្ថម្ភចង្ហាន់សរុបចំនួន ២០០០ កញ្ចប់ ទឹកបរិសុទ្ធ ២០០យូរ ភេសជ្ជៈកូកា ចំនួន ៨៥កេះ ប្រគេដល់ព្រះសង្ឃ ដែលនិមន្តមកប្រឡងផងដែរ។ ព្រមជាមួយគ្នានោះ លោក អ៊ុំ រាត្រី និងលោកស្រី ក៏បានឧបត្ថម្ភ នូវទឹកសុទ្ធកម្ពុជា ចំនួន៦០កេសផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖