ព័ត៌មានទាន់ហេតុការណ៍៖

អ្នកលេកាំបិតប៉័ងតោម្នាក់ត្រូវកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

  សមត្ថកិច្ចបញ្ជាក់ថាៈនៅវេលាម៉ោង០៩ និង០០នាទី   ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ លាង ប៉ូឡូ(រតនា) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ស្ដីពីករណីហិង្សាដោយចេតនា កើតឡើងនៅចំណុចហាងមួយកន្លែង ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ប្រព្រឹត្តកាលពីវេលាម៉ោង២៣ និង០០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បង្កដោយជនសង្ស័យឈ្មោះ ម៉ៅ សុឃា(យ៉ា) ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងឈ្មោះ ម៉ាប់ (ពុំស្គាល់អត្តសញ្ញាណ) ភេទប្រុស អាយុប្រហែល៣០ឆ្នាំ បានធ្វើសកម្មភាពយកកាំបិត ប៉័ងតោកាប់ទៅលើជនរងគ្រោះ លាង ប៉ូឡូ(រតនា) បណ្ដាលឱ្យរងរបួសត្រូវប្រអប់ដៃជាច្រើនកន្លែង ។ 

ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ម៉ៅ សុឃា(យ៉ា) ព្រមទាំងដកហូតត្ថុតាង កាំបិតប៉័ងតោ ប្រវែង៣០សង់ទីម៉ែត្រ ចំនួន០១ដើម ហើយនាំមកមូលដ្ឋានក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។   ដោយឡែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួន។  លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួកពិតជាបានប្រើហិង្សាទៅលេីជនរងគ្រោះពិតប្រាកដមែន ដោយរូបខ្លួនបានយកកាំបិតប៉័ងតោបម្រុងកាប់ទៅលើជនរងគ្រោះ តែកាប់មិនត្រូវទេ បន្ទាប់មកឈ្មោះ ម៉ាប់ បានយកកាំបិតប៉័ងតោពីដៃរបស់ខ្លួន កាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសតែម្ដង។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ 

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ វណ្ណា


ចែករំលែក៖