ខេត្តមណ្ឌលគិរី៖ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃចន្ទទី០៦ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ សហការជាមួយអាជ្ញាធរឃុំសុខសាន្ត នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានចុះល្បាតរុះរើឡធ្យូង និងខ្ទម នៅចំណុចជាប់អូរច្បារ ស្ថិតក្នុងភូមិសុខសាន្ត ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគីរី បានកម្ទេចឡរធ្យូងចំនួន០៤ឡ នឹងរុះរើខ្ទមចំនួន០២ខ្ទម។
ដោយឡែកនៅថ្ងៃដដែល មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ប្រចាំនៅស្នាក់ការរវៀ បានដឹកនាំកម្លាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA ចុះប្រតិបត្តិការស្រាវជ្រាវរុករកបទល្មើសធនធានធម្មជាតិនៅ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ក្នុងតំបន់ឧទ្យានជាតិ) ដោយពុំបានជួបប្រទះសកម្មភាពបទល្មើសធនធានធម្មជាតិឡើយ។
ជាមួយគ្នានោះ មន្រ្តីឧទ្យានុរក្សប្រចាំការនៅស្នាក់ការអូរសោមថ្មី សហការជាមួយ មន្រ្តី ន.ដ.ត.ដឹកនាំកម្លាំងកងរាជអាវុធហ្ថតលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃWA ចុះប្រតិបត្តិការស្រាវជ្រាវរុករកបទល្មើសធនធានធម្មជាតិ ចំណុចឆាយប្រុយ ដែលស្ថិតនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏ពុំមានជួបបទល្មើសធនធានធម្មជាតិដែរ៕
ដោយ៖ តារា