ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងគណៈបញ្ជាការឯកភាពស្រុកសូទ្រនិគម ខេត្តសៀមរាប ចូលរួមដោយមន្រ្តីឧទ្យានុរក្សស្នាក់ការកំពង់ឃ្លាំង បង្ក្រាបឧបករណ៍នេសាទខុសច្បាប់

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ មន្រ្តីឧទ្យានុរក្សស្នាក់ការកំពង់ឃ្លាំងចំនួន៣នាក់ បានចូលរួមសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកសូទ្រនិគម និងជំនាញពាក់ព័ន្ធ ក្រោមការដឹកនាំដោយលោក ជុំ ចាន់ថេង អភិបាលរងនៃគណៈអភិបាលស្រុក ចុះល្បាតនៅចំណុចដងកូមប៊ីឡាញUTM401820-1441808 កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥ម្សិលមិញនេះ​ ស្ថិតនៅក្នុងភូមិអូតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។ 

ក្នុងប្រតិបត្តិការនោះ​ ជាលទ្ធផលបានជួបប្រទះករណីលួចដាក់ឧបករណ៍នេសាទដែលផ្ទុយនឹងបទបញ្ញត្ដិនៃក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយប្រើប្រាស់ឧបករណ៍បចំនួន៧គ្រឿង និងឧបករណ៍ស្បៃមុងចំនួន១០គ្រឿង ដែលបង្កឡើងដោយអញ្ញាតជន ។

គួរបញ្ជាក់ថា​ កម្លាំងល្បាតបានធ្វើការរុះរើឧបករណ៍នេសាទចោលននៅហ្នឹងកន្លែងរួមមាន៖ ក្បាលបចំនួន៧គ្រឿង របាំងសាច់អួនប្រវែង៦០០ម៉ែត្រ លូស្បៃមុងចំនួន១០គ្រឿង របាំងស្បៃមុងប្រវែងប្រមាណជា៩០០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា៥០០ដើម និងលែងត្រីចម្រុះចំនួនប្រហែល២០គីឡូក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖