ភូមិក្រូច គឺជាភូមិមួយស្ថិតនៅក្នុងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ នៅដើមឆ្នាំ ១៩៧៩ ខ្ញុំបានចូលរៀនវិជ្ជាពេទ្យជាមួយសមមិត្តជាច្រើនរូប មានទាំងស្រី និងប្រុសនៅមន្ទីរពេទ្យរបស់អង្គការក្នុងភូមិក្រូច។ ខ្ញុំបានចំណាយពេលរៀនពេទ្យប្រហែល១ឆ្នាំ ប៉ុន្តែខ្ញុំចេះបានត្រឹមតែចាក់ថ្នាំ និងស្គាល់ប្រភេទថ្នាំបានខ្លះៗតែប៉ុណ្ណោះ។
ព្រឹកព្រលឹមថ្ងៃមួយ បន្ទាប់ពីហូបបាយរួច យុវជន យុវនារីដែលជាសិស្សរៀនវិជ្ជាពេទ្យទាំងអស់បានមកជួបជុំគ្នាក្នុងសាលាពេទ្យភូមិក្រូច។ យើងរៀនរហូតដល់ម៉ោងប្រហែល ៩ ព្រឹក ប្រធានពេទ្យបានប្រកាសប្រាប់ថា បុគ្គលិកពេទ្យទាំងអស់ក្នុងមន្ទីរពេទ្យយើងត្រូវទៅជីករណ្ដៅឱ្យបានម្នាក់មួយៗកុំខកខានឲ្យសោះ។ ខ្ញុំមិនបានជីករណ្ដៅតាមគម្រោងផែនការដែលប្រធានពេទ្យបានដាក់ឲ្យនោះទេ ព្រោះខ្ញុំនៅជាប់រវល់ជួយគ្រូពេទ្យវ័យចំណាស់ផ្សេងទៀតដែលគ្មានកម្លាំងគ្រប់គ្រាន់ក្នុងការព្យាបាលជំងឺនៅឯមន្ទីរពេទ្យ។ កាលនោះខ្ញុំនៅក្មេង មិនសូវដឹងរឿងរ៉ាវអ្វីនោះទេ។ នៅក្នុងចិត្តរបស់ខ្ញុំចេះតែនឹកគិតថា តើអង្គការឲ្យយើងជីករណ្តៅធ្វើអ្វី? ខ្ញុំនៅតែគិតមិនយល់នឹងរឿងនេះហើយក៏បានសាកសួរសមមិត្តដែលជីករណ្ដៅជាមួយគ្នា។ សមមិត្តនោះបានប្រាប់ខ្ញុំថា ក្មួយឯងកុំឆ្ងល់ច្រើនពេក អង្គការប្រើឲ្យធ្វើអ្វីធ្វើតែការងារហ្នឹងទៅ ហើយកុំសួរដេញដោលច្រើនប្រយ័ត្នមានរឿងណា៎។ នៅពេលដែលគាត់ឆ្លើយបែបនេះប្រាប់ខ្ញុំ គឺកាន់តែធ្វើឲ្យខ្ញុំឆ្ងល់ខ្លាំងឡើងថែមទៀត។ ថ្ងៃត្រង់ហើយ ខ្ញុំនៅតែជីករណ្ដៅមិនទាន់រួចទៀតព្រោះខ្ញុំរវល់តែជួយការងារនៅក្នុងមន្ទីរពេទ្យសិន។ សមមិត្តផ្សេងៗដែលជីករណ្ដៅនៅក្បែរៗខ្ញុំបាននាំគ្នាស្ទុះស្ទារមកជួយជីករណ្ដៅរបស់ខ្ញុំទាល់តែរួចរាល់។សកម្មភាពទាំងនេះបានធ្វើឲ្យខ្ញុំកាន់តែឆ្ងល់ថា មូលហេតុអ្វីបានជាសមមិត្តទាំងអស់មកជួយធ្វើការងារខ្ញុំ។ សមមិត្តម្នាក់ក៏បានប្រាប់ខ្ញុំបន្ថែមទៀតថា ការងារដែលអង្គការដាក់ឲ្យធ្វើគឺត្រូវតែធ្វើឲ្យរួចរាល់ជាដាច់ខាតបើមិនដូច្នោះទេយើងគ្រប់គ្នានឹងមានរឿងកើតឡើងជាមិនខានទេ។ក្រោយមកខ្ញុំចេះតែលួចតាមដានមើលរណ្ដៅទាំងអស់នោះថា តើអង្គការនឹងយកអ្វីមកដាក់នៅក្នុងរណ្ដៅ? កន្លងផុតរយៈពេល ២ ទៅ ៣ ថ្ងៃក្រោយមក ខ្ញុំបានឃើញរណ្ដៅត្រូវបានចាក់លុបទាំងអស់។ ខ្ញុំបានសាកសួរទៅកាន់ពេទ្យប្រុសៗដែលធ្វើការងារជាមួយខ្ញុំ ហើយពួកគេបានខ្សឹបប្រាប់ខ្ញុំថា រណ្ដៅទាំងអស់នេះគឺជីកសម្រាប់កប់ខ្មោចអ្នកជំងឺដែលស្លាប់។
ក្នុងឆ្នាំ ១៩៧៧ នៅមន្ទីរពេទ្យក្នុងភូមិក្រូច មានអ្នកជំងឺច្រើននាក់ណាស់បានស្លាប់ដោយសារតែខ្វះថ្នាំព្យាបាល។ អ្នកជំងឺទាំងអស់នោះ គឺត្រូវទុកឲ្យដេកស្លាប់តែម្ដង។ ប្រជាជនជាច្រើននៅក្នុងភូមិក្រូចបានកើតជំងឺមួយដែលធ្វើឲ្យក្អួតចង្អោរ ហើយបានឆ្លងរីករាលដាលជាបន្តបន្ទាប់។ ជំងឺក្អួតអាចបណ្ដាលមកពីខ្វះអនាម័យក្នុងការរស់នៅប្រចាំថ្ងៃដែលកើតឡើងដោយសារតែអាហារនិងផឹកទឹកកខ្វក់។
ថ្ងៃមួយខ្ញុំបានពិនិត្យជំងឺឲ្យបុរសម្នាក់ដែលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យភូមិក្រូច។ បុរសម្នាក់នោះមានអាការក្តៅខ្លួនខ្លាំង។បន្ទាប់ពីពិនិត្យជំងឺឲ្យគាត់រួចខ្ញុំបានដើរចេញទៅរកបេះបន្លែនៅតាមផ្ទះរបស់ប្រជាជននៅក្បែរៗនោះចៃដន្យខ្ញុំបានជួបនឹងយោធាខ្មែរក្រហមម្នាក់កំពុងតែដើរតាមផ្លូវតម្រង់មករកខ្ញុំ។ យោធាខ្មែរក្រហមម្នាក់នោះមានកម្ពស់ខ្ពស់បង្គួរ សម្បុរស មុខរាងពងក្រពើ មានអាយុប្រហែលជាជាង ២០ ឆ្នាំ។ គាត់ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅដែលអង្គការបានចែកឲ្យ។ ខ្ញុំមើលទៅគាត់ទំនងជាមនុស្សកាចសាហាវណាស់។ នៅពេលដែលយោធាខ្មែរក្រហមម្នាក់នោះឃើញខ្ញុំភ្លាម គាត់ក៏ឈប់ហើយឈរសម្លឹងមើលមុខខ្ញុំមិនដាក់ភ្នែកឡើយ។ ខ្ញុំឃើញគាត់សម្លឹងមកខ្ញុំចម្លែកយ៉ាងនេះ ក៏សួរទៅកាន់គាត់ថា តើមានការអ្វីឬពូ?” តើមិត្តនារីឯងនៅឯណា ហើយមកទីនេះរកអ្វីដែរ” យោធាខ្មែរក្រហមនោះញញឹមមើលមុខខ្ញុំហើយសួរមកខ្ញុំដោយសម្ដីស្លូតបូត។ ខ្ញុំចាប់ផ្ដើមចម្លែកក្នុងចិត្តថា ជាធម្មតាយោធាខ្មែរក្រហមកម្រមានអ្នកនិយាយស្ដីពីរោះបែបនេះណាស់ ហើយចុះយោធាម្នាក់នេះហេតុអ្វីមានសំដីពីរោះដូច្នេះ? តើគាត់មានបំណងបែបណាទៅ? មិនបង្អង់យូរខ្ញុំបានឆ្លើយប្រាប់ទៅគាត់វិញថា ខ្ញុំគឺជាបុគ្គលិកពេទ្យ ហើយមកទីនេះដើម្បីរកបន្លែទៅស្លហូប។ យោធាម្នាក់នោះបានសួរបន្តមកខ្ញុំទៀតថា ខ្ញុំឧស្សាហ៍ចេញចូលក្នុងមន្ទីរពេទ្យនេះដែរម្ដេចមិនដែលឃើញ? តើមិត្តនារីឯងសម្រាកនៅឯណាដែរ?ខ្ញុំសម្រាកនៅផ្ទះខាងជើងមន្ទីរពេទ្យយើងនេះឯង។ ខ្ញុំបានឆ្លើយប្រាប់គាត់ដោយទៀងត្រង់រួចហើយខ្ញុំប្រញាប់ប្រញាល់លាយោធាម្នាក់នោះត្រឡប់ទៅផ្ទះរបស់ខ្ញុំវិញ បន្ទាប់ពីបេះផ្លែខ្នុរបានបីផ្លែសម្រាប់ស្លហូប។ យោធាម្នាក់នោះមិនបាននិយាយស្ដីអ្វីតបមកខ្ញុំទៀតឡើយ រួចខ្ញុំក៏ចាកចេញទៅ។
មុនពេលទៅដល់ផ្ទះខ្ញុំបានចូលទៅក្នុងមន្ទីរពេទ្យដើម្បីពិនិត្យមើលអ្នកជំងឺដែលខ្ញុំបានពិនិត្យមុនពេលចាកចេញទៅបេះបន្លែសិន។ ខ្ញុំស្រាប់តែបានឃើញបុរសអ្នកជំងឺនោះបានស្លាប់បាត់ទៅហើយ។ ខ្ញុំពិតជាឆ្ងល់ណាស់ថា ជំងឺនោះដូចជាមិនធ្ងន់ធ្ងរនោះទេ ចុះហេតុអ្វីបានជាគាត់ស្លាប់យ៉ាងរហ័សបែបនេះ? ។ ត្រឡប់មកដល់ផ្ទះវិញខ្ញុំបានសួរទៅកាន់លោកគ្រូពេទ្យម្នាក់ទៀតដែលនៅក្បែរផ្ទះរបស់ខ្ញុំ។ លោកគ្រូពេទ្យនោះបាននិយាយខ្សឹបៗប្រាប់ខ្ញុំថា បុរសជំងឺម្នាក់នោះគឺជាអតីតទាហានលន់ នល់
ដូច្នេះអង្គការបានបញ្ជាឲ្យខ្ញុំចាក់ថ្នាំសម្លាប់តែម្ដង”។ មិនតែប៉ុណ្ណោះលោកគ្រូពេទ្យនោះក៏បានណែនាំខ្ញុំកុំឲ្យមានចិត្តអាណិតអាសូរច្រើនពេក ព្រោះខ្លាចអង្គការយកទៅកសាង។ ខ្ញុំនៅមានចម្ងល់ជាច្រើនទៀតចង់សួរបន្ត ប៉ុន្តែខ្ញុំក៏លែងហ៊ានសួរនាំគាត់ទៀត ព្រោះយោធាម្នាក់ដែលខ្ញុំបានជួបពីរសៀលនៅកន្លែងបេះបន្លែនោះ បានដើរចូលមក។ (នៅមានត)