ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ខែមករាឆ្នាំ២០២៥ ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញបានធ្វើ សន្និសីទកាសែតបង្ហាញជនសង្ស័យចំនួន៣១ នាក់ពាក់ព័ន្ធលួចឆក់ ប្លន់ និងក្រុមក្មេងទំនើង។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌបានអោយដឹងថា ដោយមានបទបញ្ជាពី ឯកឧត្តមឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានសហការជាមួយនគរបាលនៃអធិការដ្ឋានចំនួន ៧បានធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យលួច ប្លន់ និងក្រុមក្មេងទំនើងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៣រហូតដល់ថ្ងៃទី៧ ខែមករាឆ្នាំ២០២៥ បង្ក្រាបបានចំនួន ១៣ករណីឃាត់ជនសង្ស័យចំនួន៣១នាក់។នៅក្នុងនោះខណ្ឌចំនួន៧ បង្ក្រាបបាន១២ ករណីឃាត់មនុស្សចំនួន២១ នាក់និងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបង្ក្រាបបាន១ករណីឃាត់មនុស្សចំនួន ១០នាក់។
លោកឧត្តមសេនីយ៍ត្រីស្នងការរងបានអោយដឹងទៀតថា នៅក្នុងចំណោម១៣ករណីនោះមានករណីលួចចំនួន៦ ករណីឃាត់ជនសង្ស័យចំនួន ១០នាក់,ករណីកាប់ប្លន់ចំនួន២ករណីឃាត់ជនសង្ស័យបាន២នាក់,ករណីហឹង្សាវាយប្លន់ចំនួន៥ករណីឃាត់ខ្លួនបានជនសង្ស័យ១៩ នាក់។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យាបានបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងនោះមានក្រុមក្មេងទំនើងចំនួន៣ក្រុមដែល២ក្រុមមិនមានបក្សពួកនោះទេនិង១ក្រុមមានបក្សពួកគឺក្រុមក្មេងទំនើង TEAM៩៨លូ៥)ដែលជាក្រុមទើបតែបង្កើតថ្មីដែលបានធ្វើសកម្មភាពប្រើហិង្សា កាលពីថ្ងៃទី៣ ខែមករាឆ្នាំ ២០២៥នៅតាមផ្លូវដួងងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខនិង,លួចមានស្ថានទម្ងន់ទោសប្រើកាំបិតកាប់ប្លន់យកម៉ូតូនៅផ្ទះសំណាក់ព្រះច័ន្ទតាមផ្លូវលេខ២០១១ ក្នុងសង្កាត់គោករការនិងកាប់ប្លន់យកម៉ូតូនៅសង្កាត់គោករការការកាលពីថ្ងៃទី ២៥ខែធ្នូឆ្នាំ ២០២៤។
ក្រុមនេះបានធ្វើសកម្មភាពយ៉ាងសកម្មហើយត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន ១០នាក់ព្រមទាំងដកហូបបានដាវ កាំបិត និងម៉ូតូមួយចំនួនផងដែរ។ចំណែកជនសង្ស័យមួយចំនួនទៀតដែលនៅសេសសល់កម្លាំងសមត្ថកិច្ចជំនាញនឹងបន្តសហការជាមួយនៅតាមបណ្ដាខណ្ឌនានា,តាមសាលារៀន,ផ្ទះសំណាក់,ផ្ទះជួលដើម្បីបន្តស្រាវជ្រាវបង្ក្រាបដូចភ្លៀងរលឹមមិនឲ្យគេចខ្លួនបានឡើយ។
លោកវីរៈសេនីយ៍ឯកសំវិច្ឆិកាអ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តនៅបទបញ្ជារបស់សម្ដេចបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងមានការប្តេជ្ញាចិត្តនិងគោលការណ៍ច្បាស់លាស់ពីឯកឧត្តមជួន ណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញសមត្ថកិច្ចជំនាញបានធ្វើការសហការជាមួយនៅតាមបណ្ដាខណ្ឌនានាបង្ក្រាបទប់ស្កាត់បានជាបន្តបន្ទាប់ហើយជាលទ្ធផលគួរឲ្យកត់សម្គាល់នៅពេលនេះ៕
ដោយ ៖ រ៉ារ៉ា