ភ្នំពេញ៖ ជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើប ម៉ាក Rolls Royce តម្លៃជិត១លានដុល្លារ ដោយបើកក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវបំបែកជា៤បានជ្រុលទៅបុករថយន្តដឹកទំនញ ដែលកំពុងបើកឆ្លងផ្លូវពេញទំហឹង រួចរថយន្ត Rolls Royce បានបន្តជ្រុលល្បឿនទៅបុករថយន្តមួយគ្រឿងទៀត និងម៉ូតូបណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩ កែងផ្លូវលេខ១០៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក Rolls Royce តម្លៃជិត១លានដុល្លារ គ្មានស្លាកលេខ បើកបរដោយជនជាតិចិន តាមបណ្តោយផ្លូវលេខ១០៦ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ ក៏បានជ្រុលទៅបុករថយន្តមួយគ្រឿង ជារថយន្តដឹកទំនិញ ដែលធ្វើដំណើរពីត្បូងទៅជើង ហើយកំពុងឆ្លងផ្លូវពេញទំហឹងបណ្តាលឱ្យក្រឡាប់៣-៤ត្រឡប់ រួចរថយន្ត Rolls Royce បានបន្តល្បឿនជ្រុលទៅបុកម៉ូតូនិងរថយន្តចតចោលមួយគ្រឿងទៀត បណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើករថយន្ត Rolls Royce ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលស្រះចកដើម្បីសួរនាំ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បានធ្វើការវាស់វែងរថយន្តទាំង២គ្រឿង រួមទាំងម៉ូតូ យកទៅរក្សាទុកជាបណ្តោះអាសន្ន ខណៈអ្នកបើករថយន្ត Rolls Royce បានបញ្ជាក់ថា និង ចេញសំណងថ្លៃការខូចខាត និងថ្លៃព្យាបាលមនុស្សរងរបួស៕
ដោយ ៖ រ៉ារ៉ា