ភ្នំពេញ ៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅ មានម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ សុខ លីន បានធ្វើការបង្ហោះវីដេអូ (Post Video) រយៈពេល ១នាទី និង៤១វិនាទី នៅលើបណ្តាញ សង្គមហ្វេសប៊ុក ដោយភ្ជាប់នូវរូបភាពសន្តិសុខប្រើប្រាស់កាយវិការមិនសមរម្យមកលើអាជីវករ លក់ចង្រិតបំពង ឈ្មោះ អូន ធារី ស្ថិតនៅភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានធ្វើឱ្យមហាជនមានការភាន់ច្រឡំថា ជាកម្លាំងសន្តិសុខរបស់សាលា ខណ្ឌជ្រោយចង្វារ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមធ្វើការបំភ្លឺ និងបញ្ជាក់ ជូនឱ្យបានជ្រាបថាៈ តាមការស្រាវជ្រាវ ឃើញថា សន្តិសុខនៅក្នុងវីដេអូខាងលើ មិនមែនជាមន្ត្រី ឬជាសន្តិសុខបម្រើការងារនៅសាលាខណ្ឌជ្រោយចង្វារឡើយ គាត់គឺជាសន្តិសុខក្រុមហ៊ុនឯកជន ដែលមានទីតាំងស្ថិតក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌ ជ្រោយចង្វារ ក៏បានអញ្ជើញខាងសន្តិសុខ និងអ្នកលក់ចង្រិត មកសាកសួរអំពីករណីកើតហេតុ ខាងលើរួចហើយ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ជាលទ្ធផល ភាគីទាំងសងខាង បាន ស្រុះស្រួលគ្នាបញ្ចប់បញ្ហា ហើយខាងសន្តិសុខក៏បានថតវីដេអូបកស្រាយ និងសុំទោសផងដែរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា