ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើងបុកកិនបុរសម្នាក់មានជំងឺសរសៃប្រសាទបណ្តាលឲ្យស្លាប់ នៅស្រុកសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថភ្លើងបើកបុកកិនមនុស្សម្នាក់ស្លាប់ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៧និង៣០នាទីយប់ នៅចំណុចវាលស្រែលូ៦ ភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានរាយការណ៍ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះឈ្មោះ ផ្លុង សាវឿន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំ អូរដំបង១ ស្រុកសង្កែ ខេត្ត បាត់ដំបង ស្លាប់នៅនិងកន្លែងកើតហេតុ ។

តាមការបំភ្លឺរបស់ឈ្មោះ ផ្លុង ហាប់ ភេទប្រុស អាយុ៥៨ ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវជាឪពុកបង្កើត(សព) បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៩ ៖៣០នាទី ខ្លួនបានចេញទៅច្រូតស្មៅឲ្យគោ ហើយបានទុកកូននៅផ្ទះរួចដាក់ជើងចាក់ជាប់ច្រវាក់ ពីព្រោះវាមាន (ជំងឺសរសៃប្រសាទ) តាំងពីកំណើតមក។ លុះច្រូតស្មៅបានហើយមកដល់ផ្ទះវិញមិនឃើញកូន ហើយបានដាច់ច្រវាក់ជើង។ ពេលនោះខ្លួននាំគ្នាដើរតែរកមិនឃើញរហូត ។ លុះដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៨  មានគេមកប្រាប់ថាកូនរបស់ខ្លួនត្រូវបានរថភ្លើងកិនស្លាប់នៅចំណុចវាលស្រែលូ៦ ។ ពេលនោះខ្លួនបានទៅដល់ហើយឃើញកូនបានស្លាប់នៅលើផ្លូវរថភ្លើងពិតមែន ។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានបញ្ជាក់ដឹងថា៖ ជនរងគ្រោះពិតជាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រថ ភ្លើងបុកកិនស្លាប់ ពិតប្រាកដមែន ។

បច្ចុប្បន្ន នគរបាលស្រុកសង្កែបានធ្វើកំណត់ហេតុ និងបានប្រគល់សាកសពជនរងគ្រោះ ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សូរិយា


ចែករំលែក៖