ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹករសៀលថ្ងៃពុធទី០៨ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ មានការផ្សព្វផ្សាយ និងចែកចាយព័ត៌មានតៗគ្នាលើករណីម្ចាស់រថយន្តប្រទះឃើញ និងប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ករណីជនក្លែងប្រើប្រាស់ផ្លាកលេខខុសច្បាប់នៅលើដងផ្លូវ ដោយសមត្ថកិច្ចកំពុងមានវិធានការ។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ករណីនេះ លោកសូមជម្រាបជូនបណ្តាញព័ត៌មាន និងសាធារណជនមេត្តាជ្រាបថា ម្ចាស់យានយន្តពាក់ផ្លាកលេខភ្នំពេញ 2BW-2335(ម្ចាស់ស្របច្បាប់) បានដាក់បណ្តឹងទៅប៉ុស្តិ៍នគរបាលទឹកល្អក់ទី១ កាលពីថ្ងៃទី១២/៦/២០២៤ ដើម្បីសុំអន្តរាគមន៍ករណីបាត់ស្លាកលេខ និងបានយកពាក្យបណ្តឹងនោះ មកស្នើសុំទុតិយតាផ្លាកលេខថ្មី កាលពីថ្ងៃទី១៦/៦ /២០២៤។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា ជនណាដែលចរាចរយានជំនិះ ដោយប្រើប្រាស់បណ្ណបើកបរ បណ្ណសម្គាល់យានជំនិះ ផ្លាកលេខសម្គាល់យានជំនិះ ឬលិខិតអនុញ្ញាតផ្សេងៗដោយដឹងថាជាឯកសារឬវត្ថុក្លែងក្លាយ ត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦៣០(បទប្រើប្រាស់ឯកសារសាធារណៈក្លែង)នៃក្រមព្រហ្មទណ្ឌ៕
ដោយ៖ តារា