ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃេីញបុរសរម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួល សង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាកម្មកររោងចក្រម្នាក់ត្រូវបានម្ចាស់ផ្ទះជួលប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងបង្កការភ្ញាក់ផ្អើលទាំងព្រឹក និងរាយការណ៍ជូនសមត្ថកិច្ចចុះពិនិត្យជាក់ស្តែងសង្ស័យបណ្ដាលមកពីជំងឺខ្យល់គរ។ 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសរងគ្រោះឈ្មោះយ៉ា ជា អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ និងមានទីលំនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

បើតាមម្ចាស់ផ្ទះជួលខាងលើបាននិយាយថា ជនរងគ្រោះនិងកូនប្រុសរបស់គាត់ម្នាក់បានធ្វើការរោងចក្រជាមួយគ្នា ហើយពេលទៅធ្វើការបានជួបគ្នារាល់ថ្ងៃ។ ដោយឡែកនៅព្រឹកថ្ងៃកើតហេតុ ខណៈកូនប្រុសគាត់បានទៅដល់រោងចក្រអត់ឃើញជនរងគ្រោះទៅធ្វើការក៏បានខលរក ប៉ុន្តែខលចូលច្រើនដងហើយជនរងគ្រោះអត់ទទួលសោះ ។ បន្ទាប់មកកូនប្រុសគាត់ក៏បានខលប្រាប់គាត់ឲ្យទៅជួយដាស់ជនរងគ្រោះផង ពេលនោះគាត់ក៏បានទៅស្រែកហៅច្រើនដងតែជនរងគ្រោះអត់ឆ្លើយសោះ ធ្វើឲ្យមានការសង្ស័យយ៉ាងខ្លាំង ហើយគាត់ក៏បានយកទួណាវីសទៅដោះស៊ុមកញ្ចក់ទ្វារចេញដើម្បីលូកដៃទាញគន្លឹះពីខាងក្នុងបើកទ្វារចូលទៅមើល ។

ប្រភពដដែលបានឲ្យដឹងបន្តទៀតថា ប៉ុន្តែខណៈនោះដោះអត់បានឡើយ គាត់ក៏យកពូថៅវាយបំបែកកញ្ចក់ទ្វារទើបលូកដៃដកគន្លឹះបាន ហើយពេលបើកទ្វារបន្ទប់ចូលទៅ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់រឹងបាត់ទៅហើយ ដោយពុំដឹងថាស្លាប់តាំងពីពេលណាមកទេ ។ បន្ទាប់មកគាត់ក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ឲ្យចុះទៅពិត្យមើល ហើយនគរបាលសង្ស័យថាជនរងគ្រោះស្លាប់ដោយខ្យល់គរ និងបានរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើកោសល្យវិច័យ ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖