ព័ត៌មានទាន់ហេតុការណ៍៖

កិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យការកសាងស្ពានធ្វើពីថ្មបេតុង និងស្ពានឈើនៅឃុំថ្លាត ស្រុកអន្លង់វែង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ កាលពីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ កិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋានស្រុក ខេត្ត និងមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចុះពិនិត្យជាក់ស្តែងការកសាងស្ពានធ្វើពីថ្មបេតុង និងស្ពានឈើចំនួន ០៥កន្លែង ដែលរួមមានស្ពានឈើ ១ កន្លែង សិ្ថតនៅភូមិទួលប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែង មានទទឺង ៤ម៉ែត្រ-បណ្តោយ ៧៥ម៉ែត្រ ស្ពានឈើ ១កន្លែងទៀតនៅភូមិអូរស្រឡៅ ឃុំ ថ្លាត មានទទឹង ៤ម៉ែត្របណ្តោយ ៤០ម៉ែត្រ,ស្ពានថ្មបេតុង នៅភូមិទួលប្រាសាទ ឃុំ ថ្លាតមានទទឹង ៤ម៉ែត្រ.បណ្តោយ ២១ម៉ែត្រ, ស្ពានឈើមានទទឹង ៤ម៉ែត្រ បណ្តោយ ៣៦ ម៉ែត្រ នៅភូមិរំចេក ឃុំ អន្លង់វែង,ត្រូវកសាងស្ពានឈើនៅភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ដែលមានទទឹង ៤ម៉ែត្របណ្តោយ ១៨ម៉ែត្រ ។ 

ក្នុងឱកាសចុះពិនិត្យជាក់ស្ដែងស្ថានភាពស្ពានដែលមានស្រាប់ និងស្ពានដែលត្រូវសាងសង់ថ្មីនៅក្នុងស្រុកអន្លង់វែងនាពេលនោះ កិតិ្តសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តឧត្តរមានជ័យ បានសម្ដែងនូវការលើកសរសើរវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែនដីមូលដ្ឋានភូមិ ឃុំ ស្រុក និងខេត្តឧត្តរមានជ័យ ដែលបានខិតខំយកចិត្តទុកដាក់ ដឹងពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នឹងបានសហការជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋក្នុងការកសាងមូលដ្ឋានរបស់ខ្លួនឲ្យមានការរីកចម្រើន ។

កិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំឱ្យរដ្ឋបាលខេត្ត, មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការគ្នា ឲ្យបានល្អជាមួយក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋាខេត្តឧត្តរមានជ័យនិងបន្តយកចិត្តទុកដាក់លើកិច្ចការអាទិភាពក្នុងការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ-ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម-ការគ្រប់គ្រងរដ្ឋបាលដែនដី-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ-ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន-ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន-ការគ្រប់គ្រងធនធានធម្មជាតិ- និងការចុះបញ្ជីដីធ្លី ។ 

លោកទេសរដ្ឋមន្ត្រី ក៏បានរំលឹកផងដែរដល់អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ផ្តល់កិច្ចសហការ ការចូលរួម និងការគាំទ្រឱ្យ បានសកម្មថែមទៀត

សម្រាប់មូលដ្ឋាន និងខិតខំសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងមូលដ្ឋាន ពាក់ព័ន្ធនឹងកង្វះខាតសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសជំរុញសកម្មភាពជួសជុលនិងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពានដែលមានស្រាប់ចាស់ទ្រុឌទ្រោមដែលរងការខូចខាតដោយទឹកជំនន់ និងព្រែក ឬអូដែលត្រូវសាងសង់ថ្មី ដើម្បីជំរុញដោះស្រាយឲ្យទាន់ពេលវេលាតាមសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរដឹកនាំកសិផលទៅកាន់ទីផ្សារ ៕

ដោយ៖ សូរិយា


ចែករំលែក៖