ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញគ្រាប់បែកចង្កោមចំនួន១៣២ គ្រាប់ ហេីយកូនគ្រាប់បែកដែលនៅសេសសល់ក្នុងបំពង់ប្រហែលចំនួន១២០គ្រាប់​នៅក្នុងចម្ការស្វាយចន្ទី

ចែករំលែក៖

ខេត្តរតនគិរី៖ តាមរយៈ facebook ផេក របស់លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាបានឲ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បែកចង្កោមចំនួន១៣២គ្រាប់ ហេីយ កូនគ្រាប់បែកដែលនៅសេសសល់ក្នុងបំពង់ប្រហែលចំនួន១២០គ្រាប់​នៅក្នុងចម្ការស្វាយចន្ទី។

លោកអគ្គនាយកបានសរសេរថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងចម្ការស្វាយចន្ទីដែលមានទីតាំងស្ថិតនៅ ភូមិកាម៉ែនធំ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី អ្នកឯកទេសកម្ទេចគ្រឿងផ្ទុះអង្គភាពស៊ីម៉ាក់ ចំណុះកងឯកភាពកម្ចាត់មីនទី៥ បានដោះនិងកម្ទេចប្រភេទគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះប្រភេទ CBU-25/A ដែលមានផ្ទុកគ្រាប់បែកចង្កោម (កូនគ្រាប់ប្រភេទ BLU-24/B) ចំនួន១៣២គ្រាប់បែក ហេីយកូនគ្រាប់បែកដែលនៅសេសសល់ក្នុងបំពង់ប្រហែលចំនួន១២០គ្រាប់​អាចបង្កគ្រោះថ្នាក់។ ស្ថានភាពរណ្តៅដែលរកឃើញគ្រាប់បែកចង្កោមនេះមានជម្រៅកប់ដីប្រហែលមួយម៉ែត្រ។ 

គួរជម្រាបរំលឹកជូនបន្ថែមថា​ នៅក្នុងព្រះរាជាណាចក្រដ៍កំសត់នេះត្រូវរងការទម្លាក់គ្រាប់បែកចង្កោមមានចំនួនជិត៣០លានគ្រាប់បែក​ ប្រេីពេលជាង១០ឆ្នាំក្នុងសម័យសង្គ្រាមចន្លោះពីដើមទសវត្សរ៍១៩៦០ដល់ពាក់កណ្តាលទសវត្សរ៍១៩៧០ មានការវាយប្រហារចំនួនជាង១០. ០០០ទីតាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

សូមអរគុណម្ចាស់ចម្ការស្វាយចន្ទី​ ដែលបានផ្តល់ការសហការយ៉ាងពេញលេញជាមួយក្រុមជំនាញ​ ដោយសារស្ថានភាពគ្រាប់បែកចង្កោមនេះគ្មានសុវត្ថិភាពក្នុងការដោះបន្សាបនិងដឹកជញ្ជូនឡេីយ​ ដូចនេះមានតែវិធានការកម្ទេចចោលនៅនឹងកន្កែងតែម្តង។ ការកម្ទេចនៅនឹងកន្លែងនេះបានបង្កប៉ះពាល់ដេីមស្វាយចន្ទីមួយចំនួនដែរ​ តែម្ចាស់ចម្ការនឹងមានសេចក្តីសុខសុវត្ថិភាពផុតពីគ្រោះភ័យនៃគ្រាប់បែកចង្កោមទាំងនេះជារៀងរហូត៕

ដោយ៖ សូរុយា


ចែករំលែក៖