ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំកិច្ចប្រជុំស្ដីពី ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ ដើម្បីប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ម្សិលមុិញ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ប៉ែន ច័ន្ទសុខខេមរិទ្ធិ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន, លោក លោកស្រី ឧត្តមសេនីយ៍ វរេសេនីយ៍ អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងអង្គការដៃគូពាក់ព័ន្ធ ២៨នាក់ មកពី ២៤អង្គការ សរុបចំនួន ៦៥នាក់ ស្រី១៥នាក់ នៅសាលប្រជុំនាយកដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឡើងរាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារ និងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរ។
បន្ទាប់មកក៏បានស្នើឲ្យអង្គការដៃគូរពាក់ព័ន្ធរាយការណ៍ពីកិច្ចសហការ និងផ្ដល់ព័ត៌មានសង្ស័យមានបទល្មើសជួញដូរមនុស្ស ឬមានបទល្មើសបំពានផ្លូវភេទ សូមរាយការណ៍មកសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះឲ្យបានទាន់ពេលវេលា។
លោកស្រី ខេង ស៊ីសារ៉ាត់ នាយិការរងប្រចាំប្រទេស នៃអង្គការមេត្រីអន្តរជាតិ (AIM) បានចាប់អារម្មណ៍ និងថ្លែងអំណរគុណដល់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឧត្តមសេនីយ៍ឯក ជីវ ផល្លីអគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហប្រត្តិបតិការណ៍យ៉ាងជិតស្និទ រួមជាមួយនិងការជួយជ្រោមជ្រែងផ្នែកអនុវត្តការងារដោយផ្ទាល់ផងដែរ។
លោកស្រីនាយិការរង នៃអង្គការមេត្រីអន្តរជាតិ ក៏បានសំណូមពរ លោកអគ្គស្នងការនគរបាលជាតិ តាមរយៈលោកអគ្គស្នងការរងនគរបាលជាតិ មេត្តាបន្តកិច្ចសហប្រត្តិបតិការលើគ្រប់កម្មវិធីរបស់អង្គការ លើកិច្ចការដែលអង្គការកំពុងតែអនុវត្តន៍ជាមួយនាយកដ្ឋាន ដើម្បីទទួលបាននូវប្រសិទ្ធិភាពកាន់តែប្រសើរឡើង ហើយអង្គការក៏មានគម្រោងបន្តបើកវគ្គបណ្តុះបណ្តាលសំរាប់ឆ្នាំ ២០២៥នេះផងដែរ។
លោក ឌី នឿត នាយកអង្គការម៉ារីស៊ី ក៏បានកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចជំនាញបង្រ្កាបបទល្មើសជួញដូរមនុស្ស និងជួយសង្រ្គោះជនរងគ្រោះដោយអំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ។
លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ មានប្រសាន៍ថា គោលបំណង នៃកិច្ចប្រជុំជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅពេលនេះ គឺដើម្បីបង្កើនកិច្ចសហការជាមួយអង្គការដៃគូពាក់ព័ន្ធ ក្នុងការឆ្លុះបញ្ចាំងនៃការអនុវត្តច្បាប់ ក៏ដូចជាការផ្តល់ព័ត៌មានក្នុងការជួយជនរងគ្រោះ ទាំងជួយអន្តរាគមន៍ និងជួយគាំពារផ្តល់សេវាសង្គម ក៏ដូចជាការបម្រើសេវាផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ក៏បានថ្លែងអំណរគុណដល់អង្គការដៃគូពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានសហការគ្នាយ៉ាងល្អទាំងការជួយសង្រ្គោះ និងគាំពារជនរងគ្រោះ ក៏ដូចជាការបណ្តុះបណ្តាលកសាងសមត្ថភាពជំនាញដល់មន្រ្តីអនុវត្ត៕
ដោយ ៖ សិលា