ព័ត៌មានទាន់ហេតុការណ៍៖

ដុំដែកហោះមកពីណាធ្លាក់លើដំបូលផ្ទះប្រជាពលរដ្ឋពុំដឹងមូលហេតុនៅសង្កាត់ចោមចៅទី៣

ចែករំលែក៖

ភ្នំពេញ៖ ដែក៣ដុំធំៗបានហោះធ្លាក់ទៅលើផ្ទះប្រជាពលរដ្ឋបង្កការខូចខាតចំនួន៣ខ្នង និងបណ្ដាលឲ្យមនុស្សម្នាក់រងរបួសស្រាល បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែពុំមាននរណាបានដឹងថា ដុំដែកខាងលើនោះជាដែកអ្វីនោះទេ ហើយពេលធ្លាក់លើផ្ទះប្រជាពលរដ្ឋនោះមានសម្លេងលាន់ដូចគ្រាប់ផ្លោង ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ផ្ទះដែលរងគ្រោះទី១មានម្ចាស់ឈ្មោះញ៉ែម ម៉ាច ភេទស្រី អាយុ៣៧ឆ្នាំ ទី២,ឈ្មោះនន់ ណី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់អីវាន់ចាបហួយ ទី៣,ឈ្មោះសន ឬទ្ធី ភេទប្រុស អាយុ៤០ឆ្នាំមុខរបរកម្មកររោងចក្រ ។ វ៉ាត ហឿប ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ្ម្មការិនីរោងចក្រ រងរបួសជើងស្រាល ស្នាក់នៅបន្ទប់លេខ៣ ជាន់ទី៣ផ្ទះជួលកើតហេតុខាងលើ ។

ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុ ខណៈពួកគាត់ខ្លះកំពុងស្ថិតនៅក្នុងផ្ទះ និងខ្លះទៀតកំពុងធ្វើការលក់ដូរ ស្រាប់តែមានដុំដែកខាងលើមិនដឹងជាហោះមកពីទីកន្កែងណាធ្លាក់លើផ្ទះពួកគាត់និងធ្លាក់លើផ្លូវរួចខ្ទាតបុកចូលផ្ទះគាត់តែម្ដង ។ ខណៈនោះសម្លេងធ្លាក់លាន់សូចដូចផ្ទុះគ្រាប់ផ្លោងគួរឲ្យភ័យខ្លាចខ្លាំងណាស់ ហើយបានបណ្ដាលឲ្យផ្ទះខ្លះខូចខាតដំបូល និងធ្លុះធ្លាយជញ្ជាំងថ្ម ធ្លុះធ្លាយប្លង់សេ ព្រមទាំងទ្វារនិងខូចខាតអីវាន់ចាបហួយផងដែរ ។

ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា មុនពេលកើតហេតុនោះគាត់ពុំបានដឹងថាដុំដែកនោះគឺជាបំណែកអ្វីមួយនោះទេ ហើយក្នុង១ដុំៗទម្ងន់រាប់សិបគីឡូក្រាម ពួកគាត់សង្ស័យថាជាបណែកដែលផ្ទុះវត្ថុអ្វីមួយនៅឃ្លាំងណាមួយនៅតំបន់នោះ ហើយពួកគាត់ស្នើរសុំអោយអាជ្ញាធរមានសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវរកប្រភពដុំដែកនោះ អោយម្ចាស់ចេញមកទទួលខុសត្រូវជាមួយពួកគាត់ផង ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖