ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារកុំឱ្យញ៉ាំភេសជ្ជកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម!

ចែករំលែក៖

ភ្នំពេញ ៖ ពីពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញសេចក្តីបារម្ភចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសគឺ កុមារដែលជាទំពាំងស្នងឫស្សីមានអាយុក្រោម១២ឆ្នាំដែលចូលចិត្តញ៉ាំភេសជ្ជកំប៉ុងមានផ្ទុកសារធាតុស្កររសជាតិផ្អែមខ្ពស់ បង្កឱ្យកើតជំងឺទឹកនោមផ្អែម នាពេលអនាគត។

លោកអភិសន្តិបណ្ឌិត បានកត់សម្គាល់ឃើញកុមារភាគច្រើន អាចប្រឈមមុខនឹងការកើតជំងឺទឹកនោមខ្ពស់ ដោយសារពួកគេចូលចិត្តញ៉ាំភេសជ្ជៈ និងអាហារដែលមានផ្ទុកសារធាតុស្ករខ្ពស់ ដែលមានដាក់លក់នៅក្នុងបរិវេណសាលារៀននានា។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ប្រសិនបើកុមារអាយុក្រោម១២ឆ្នាំទាំងអស់ពុំយល់ដឹង ពុំផ្លាស់ប្តូរទម្លាប់ហូបចុករសជាតិផ្អែម ដូចពេលបច្ចុប្បន្ននេះទេ នៅពេលពួកគេឈានឡើងដល់អាយុចន្លោះពី២២ ដល់២៥ឆ្នាំ ស្មើនឹង១ភាគ៣ អាចមានហានិភ័យខ្ពស់កា្លយជាអ្នកជំងឺទឹកនោមផ្អែមដែលមានលក្ខណៈយូរអង្វែង ដាក់បន្ទុកសេដ្ឋកិច្ចធ្លាក់លើគ្រួសារ និងសង្គមជាតិទាំងមូល។

ក្នុងន័យនេះ លោកអភិសន្តិបណ្ឌិត បានក្រើនរម្លឹកដល់ឳពុកម្តាយ អាណាព្យាបាល លោកគ្រូ និងអ្នកគ្រូ ជាពិសេសគឺ នាយកសាលាដែលជាគណៈគ្រប់គ្រង ឱ្យជួយអប់រំណែនាំពីប៉ះពាល់ទឹកផ្អែមដល់កុមារក្នុងម៉ោងសិក្សា ស្របតាមវិធានការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា កន្លងទៅ ដើម្បីឱ្យកុមារមានយល់ដឹងចៀសវាងក្លាយជាអ្នកជំងឺទឹកនោមផ្អែម។

ក្រៅពីសារក្រើនរម្លឹកខាងលើ លោកអភិសន្តិបណ្ឌិត ក៏បានណែនាំសារជាថ្មីដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ឱ្យចូលរួមសហការរាយការណ៍ទប់ស្កាត់គ្រឿងញៀន ក្មេងទំនើង និងគោរពច្បាប់ចរាចរណ៍ ដើម្បីធានាសន្តិសុខ សុវត្ថិភាព ផ្តល់សេចក្តីសុខក្សេមក្សាន្តក្នុងគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានលះបង់ធនធាន ពេលវេលា កម្លាំងកាយចិត្ត រៀបចំឱ្យមានកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដើម្បីធានាលើកកម្ពស់ស្ថានភាពសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖