ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានកត្តិយសសូមជម្រាបជូន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា ក្រសួងនឹងរៀបចំកម្មវិធីប្រារព្ធទិវាវិទ្យុពិភពលោកឆ្នាំ២០២៥ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងគោលបំណងបង្កើនការយល់ដឹងសាធារណៈពីតួនាទី និងគុណតម្លៃដ៏សំខាន់របស់វិទ្យុ ក្នុងការផ្តល់ព័ត៌មាន ពិតគ្រប់ជ្រុងជ្រោយ ការកម្សាន្តសម្បូណ៌បែប ព្រមទាំងការអប់រំប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពីប្រធានបទគន្លឹះ សំខាន់ៗ គោលនយោបាយរាជរដ្ឋាភិបាល ក៏ដូចជាសភាពការណ៍ទូទៅនៅកម្ពុជា តំបន់និងពិភពលោក។
នៅកម្ពុជា វិទ្យុបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងការផ្តល់ព័ត៌មាន លឿនរហ័សដល់សហគមន៍។ ជាមួយគ្នានេះ វិទ្យុក៏ជាភ្នាក់ងារសកម្មចូលរួមដោះស្រាយរាល់បញ្ហានានាក្នុងការ រស់នៅប្រចាំថ្ងៃ តាមរយៈការផ្តល់ជាសំឡេងពីពលរដ្ឋទៅកាន់រដ្ឋាភិបាល និងពីរដ្ឋាភិបាលមកប្រជាពលរដ្ឋវិញ ដើម្បីរួមចំណែកធានាស្ថិរភាព សន្តិសុខ ភាពសុខសាន្ត និងការរីកចម្រើនក្នុងសង្គមផងដែរ។
ដើម្បីចូលរួមអបអរទិវាដ៏មានសារៈសំខាន់ជាសកលនេះ ក្រសួងព័ត៌មាននឹងរៀបចំកម្មវិធីសំខាន់ៗ ដូចជា ការបង្ហាញអំពី “ប្រវិត្តនិងការវិវត្តរបស់វិទ្យុក្នុងសង្គមកម្ពុជា» និង «តួនាទីរបស់វិទ្យុក្នុងការលើកកម្ពស់ ការយល់ដឹងសហគមន៍ពីបម្រែបម្រួលអាកាសធាតុ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» ការចែករំលែកនិងផ្លាស់ប្តូរ បទពិសោធពីអ្នកជំនាញលើការងារវិទ្យុ ការតាំងពិព័រណ៌សម្ភារចាស់ៗពាក់ព័ន្ធនឹងវិទ្យុជាសាធារណៈ ក្នុងបរិវេណ ទីស្តីការក្រសួង និងការបង្ហាញប្រតិបត្តិការក្នុងស្ថានីយវិទ្យុ ក្នុងចំណោមសកម្មភាពផ្សេងៗទៀត។
ការប្រារព្ធទិវាវិទ្យុពិភពលោកក្នុងឆ្នាំនេះ នឹងមានការអញ្ជើញចូលរួមពីតួអង្គពាក់ព័ន្ធក្នុងវិស័យវិទ្យុ រាប់បញ្ចូលទាំង ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ឥស្សរជននិងអ្នកមានបទពិសោធក្នុងការងារគ្រប់គ្រង និងផ្សព្វផ្សាយវិទ្យុ នៅកម្ពុជា មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK) មន្ទីរព័ត៌មានរាជធានី-ខេត្ត សមាគមវិទ្យុកម្ពុជា តំណាងស្ថានីយវិទ្យុទាំងអស់នៅកម្ពុជា អ្នកសារព័ត៌មាន តំណាងវិស័យឯកជន និងនិស្សិតពីបីសាកលវិទ្យាល័យ នៅរាជធានីភ្នំពេញ សរុបប្រមាណ៣០០នាក់។
ដើម្បីលើកកម្ពស់ការចូលរួមដោយផ្ទាល់របស់សាធារណជនក្នុងការថែរក្សា និងអភិរក្សកេរដំណែល ក៏ដូចជាគុណតម្លៃរបស់ប្រព័ន្ធផ្សព្វផ្សាយបុរាណគ្រប់ប្រភេទ រួមទាំងវិទ្យុ ឱ្យបានគង់វង្សសម្រាប់យុវជនជំនាន់ក្រោយក្រសួងព័ត៌មាននឹងរៀបចំបង្កើត «សារមន្ទីរប្រព័ន្ធផ្សព្វផ្សាយ» ដែលប្រមូលផ្តុំនូវសម្ភារឧបករណ៍នានាទាក់ទង នឹងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីតាំងបង្ហាញ និងសម្រាប់ការសិក្សាពីប្រវត្តិសារព័ត៌មាន និងឧបករណ៍ផ្សេងៗទាក់ទង នឹងវិស័យព័ត៌មាននិងសោតទស្សន៍។ សម្រាប់ប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍ចូលរួមបរិច្ចាគ សម្ភារ និងឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយ សូមទាក់ទងមកលេខទូរស័ព្ទ ០៧៧ ៤២៦ ៨៧៧ ឬ ០៨៧ ៧៨០ ១៧៧ (តេឡេក្រាម)៕
ដោយ៖ តារា